រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ ហាម​មន្ត្រី​មិន​ឱ្យ​ផ្តល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​ខ្នាត តូច

113

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ​បាន​ហាម​ដល់​មន្ត្រី ​នៅ​តាម​បណ្តា​មន្ទីរ​រ៉ែ​ថាមពល​រាជធានីខេត្ត ​ផ្តល់​អាជ្ញាប័ណ្ណ​ការ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ខ្នាតតូច ​នៅ​តាម​តំបន់​ដែល​មាន​រ៉ែ​មាស ​ព្រោះ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ​ នឹងធ្វើ​ឲ្យ​យើង​ពិបាក​គ្រប់គ្រង​នៅ​ក្នុង​ស្ថានភាព​រុករក​រ៉ែ​របស់​ពួកគេ​។

ឯកឧត្តម​ ស៊ុយ សែម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ ​និង​ថាមពល ​បានលើកឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ ជាតិ​ស្តីពី​ធនធាន​រ៉ែ ​ឆ្នាំ​២០១៨២០២៨ ​នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ កន្លងមក​ថា ​ការ​គ្រប់​គ្រង់​ធនធាន​រ៉ែ ​កន្លងមក​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់ ​បែប​អានាធិបតេយ្យ ​ ក្រសួង​ បាន​លុបបំបាត់​ស្ទើរ​ទាំងស្រុង ​ក្នុងនោះ ​ក្រសួង​បាន​បង្កើត​ប្រព័ន្ធ​ហត់ឡាញ (Hotline)​ និង​ការ​ចាត់​ឲ្យ​មន្ត្រី​ឃ្លាំមើល​ នៅតាម​តំបន់​ប្រតិបត្តិការ​ដោយ​ផ្ទាល់ ​ដើម្បី​ចុះ​ទប់ស្កាត់​ និង​ការ​ដោះស្រាយ​អំពី​បញ្ហា​ផល​ប៉ះពាល់​ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ទាំងនោះ​ឲ្យ​បាន​ទាន់​ពេលវេលា​ផងដែរ​។

ឯកឧត្តម ​រដ្ឋមន្ត្រី​ហាម​ដល់​មន្ត្រី​នៅ​តាម​បណ្តា​មន្ទីរ​រ៉ែ ​ថាមពល​រាជធានី​ខេត្ត​មួយ​ចំនួន​ដែល​មាន​តំបន់​រ៉ែ​មាស​ ​គឺ​មិន​ត្រូវ​អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ខ្នាតតូច ​ទៅ​ឲ្យ​ក្រុម​រុករក​រ៉ែ​មាស​ប្រភេទ​នេះ​ ជាដាច់ខាត​ ប្រសិនបើ​យើង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ទៅ​ក្រុម​ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ យើង​នឹង​ជួប​បញ្ហា​ពិបាក​គ្រប់គ្រង​នៅ​ក្នុង​ស្ថានភាព​រុករក​រ៉ែ​របស់​ពួកគេ ​ដូចជា​ ការរុករក​រ៉ែ​ខុសច្បាប់​កំណត់ ​ការធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បញ្ហា​បរិស្ថាន​ជាដើម​។

ឯកឧត្តម​ ស៊ុយ សែម បន្តថា ​ក្រៅពី​ការគ្រប់គ្រង​រ៉ែ​លោហៈ ចំពោះ​ការ​គ្រប់​គ្រង់​រ៉ែ​ខ្សាច់​វិញ ​មន្ត្រី​ជំនាញ​នៅ​តាម​មន្ទីរ​រ៉ែ​ និង​ថាមពល​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង់​លើ​ការ​បូម​ខ្សាច់​តាម​ដង​ទន្លេ ស្ទឹង​ ឬ​ តាម​ព្រែក​នានា ​ព្រោះ​ការ​ធ្វើ​អាជីវកម្ម ប្រភេទ​នេះ ក្រៅពី​ការ​ប៉ះពាល់​បរិស្ថាន វា​អាច​នឹង​មាន​រ៉ែ​ប្រភេទ​ផ្សេងៗ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​រុករក​រ៉ែ​ដោយ​មិន​គិត​អំពី​ផល​ប៉ះពាល់​ដល់​បញ្ហា​អ្វីៗ​ទៀត​ឡើយ​។ នៅក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នេះដែរ ​កន្លងមក​មាន​ក្រុមហ៊ុន​មួយចំនួន​ បាន​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​ នៅតាម​ដង​ទន្លេសេសាន ​ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​នោះឡើយ​។​ ហេតុនេះ​មន្ទីរ​ពាក់ព័ន្ធ​នៅ​តាម​ដង​ទន្លេសេសាន​ ត្រូវ​ឃ្លាំមើល​ឲ្យ​បានជា​ប្រចាំ ​ព្រោះ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នៅ​តាម​តំបន់​របៀបនេះ​ ច្បាស់​ជា​រុករក​រ៉ែ​ប្រភេទ​ផ្សេងៗ​ជាមិនខាន ដោយ​យក​ស្លាក​សញ្ញា​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​មក​បិទបាំង ​ព្រោះ​ការ​ធ្វើ​អាជីវកម្ម​ប្រភេទ​​នេះ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បញ្ហា​ទឹក និង​បរិស្ថាន​នៅ​តាម​ដង​ទន្លេ​ជាដើម ៕