ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​-​អង្គរ​នឹង​មកដល់​ចុង​សប្ដាហ៍​នេះ ជាមួយ​ចំនួន​អ្នក​រត់​បំបែក​កំណត់ត្រា​ឆ្នាំមុន

100

ម៉ា​រ៉ា​តុង​៖ ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២៣ នៅ​អង្គរវត្តខេត្ត​សៀមរាបឆ្នាំ​២០១៨ នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ​ចុង​សប្ដាហ៍​នេះ​ហើយ ស្រប​ពេល​ចំនួន​អ្នក​រត់​បាន​កើន​ដល់​ជាង ១០,៥០០​នាក់​ឯណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ។​

ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះចំនួន​អ្នក​ចុះឈ្មោះ​រួចរាល់ ​ត្រៀម​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​-​អង្គរបាន​កើត​ជាង​ឆ្នាំមុន​បន្តិច​ហើយ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ជាង ៥,០០០​នាក់​មកពី ៧៨​ប្រទេស​លើ​ពិភពលោក ដែល​ចំនួន​នេះ​មានការ​កើន​ឡើង​ប្រមាណ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​កំណើន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះឈ្មោះ​រត់​ចម្ងាយ ២១​គីឡូម៉ែត្រមានការ​កើន​ឡើង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ បើ​ធៀប​នឹង​ឆ្នាំមុន ពោល​គឺ​ក្នុងចំណោម​ទាំងអស់​រត់ ២១​គីឡូ​ម៉ែត្រ​​ទាំងអស់មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៣,០០០​នាក់​ឯណោះ។ នេះ​គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ភាព​រីកចម្រើន​ យ៉ាង​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ពេល​វេលា​លេង​កីឡាដើម្បី​ទទួល​បាន​សុខភាព​ល្អ ហើយ​អាច​រត់​ចម្ងាយ​ឆ្ងាយ​បាន​ច្រើន​ដូច្នេះ។​

គួរ​បញ្ជាក់​ថា គោលបំណង​សំខាន់ៗ​ក្នុង​ការ​រៀបចំ ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងនេះ តាម​គោលការណ៍​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​ការណែនាំ​របស់​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​ផ្ដោត​លើ​ជា​ព្រឹត្តិការណ៍​សប្បុរ​សធម៌​ដដែល ដោយ​ថវិកាទទួល​បាន​ពី​ការរៀបចំ នឹង​ត្រូវ​បរិច្ចាគ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​កុមារ​កំព្រា ក៏ដូច​ជា​ជន​ពិការ​ដោយ​គ្រប់​មីន​ជាដើម៕

អត្ថបទ៖ លី ឈុន​ឡា