កម្ពុជា​គ្រោង​សង់​ពន្លាជាតិ​កម្ពុជា ​នៅ​ចុងឆ្នាំ​២០១៩ ​ក្នុង​ពិព័រណ៍​ពិភព​លោ​ឌូ​បៃ​ឆ្នាំ​២០២០

106

ភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​សាងសង់​ពន្លា​ជាតិ ​សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ​ឆ្នាំ​២០២០​ នៅមុន​បំណាច់​ឆ្នាំ​២០១៩ ​ខាងមុខនេះ​។ ​នេះ​បើ​តាម​ការ​អះអាង​របស់​ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់​ការ​ចូលរួម​របស់​កម្ពុ​ជា​ នៅក្នុង​ពិព័រណ៍​អន្តរជាតិ និង​ពិព័រណ៍​ពិភពលោក​។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៨​កន្លងមក​ថា​ ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ ចូលរួម​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​នៅ​ការដ្ឋាន​ពិព័រណ៍​ពិភពលោក ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​បាន​គូសបញ្ជាក់ថា ​កម្ពុជា​នឹង​សាងសង់​ពន្លា​ជាតិ​ចំនួន​ពីរ​ជាន់​ ដែលមាន​លក្ខណៈ​នវានុវត្តន៍ (​គំនិត​ច្នៃប្រឌិត​ថ្មី​) ​តាម​រចនាបទ​ខ្មែរ ដើម្បី​បង្ហាញ​សក្ដានុពល​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ខ្មែរ ​ទៅដល់​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ ​សំដៅ​ឆ្លើយតប​ប្រធានបទ​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​។

ឯកឧត្តម​ បាន​បន្តថា តាមរយៈ​ការ​សម្របសម្រួល​របស់​សហភាព​អារ៉ាប់​រួម ​កម្ពុជា​ទទួល​បាន​ផ្ទៃដី​ជាង​៤០០​ម៉ែត្រការ៉េ ​ដើម្បី​សាងសង់​ពន្លា​ជាតិ ហើយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ​ដែលជា​សេនាធិការ​របស់​ក្រសួង ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សហភាព​អារ៉ាប់​រួម ​ដើម្បី​ទទួល​យក​ទីតាំង និង​ទំហំ​ពន្លា​ជាតិ រួចរាល់​អស់ហើយ​ គឺ​នៅ​រង់ចាំតែ ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ផ្លូវការ​ប៉ុណ្ណោះ​។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន ចេញពី​កិច្ចប្រជុំ​IPM​ លើក​ទី​៣​ បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​ប្រទេស​​ចំនួន​១៩០​ បាន​បញ្ជាក់​ពី​ការចូលរួម នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌូ​បៃ​ នា​ឆ្នាំ​២០២០ ដែល​នឹង​ត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​២០​ ខែតុលា​ ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​១០ ​ខែមេសា ឆ្នាំ​២០២១​ ។ ក្រៅពី​កម្ពុជា ​មាន​ប្រទេស​ចំនួន​២៥​ទៀត ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ទទួលយក​ទីតាំង​ និង​ទំហំ​ពន្លា​ជាតិ​ដែរ ​ដូចជា ​បង់​ក្លា​ដេ​ស​, ឥណ្ឌូនេស៊ី​, សិង្ហ​បុរី និង​ជប៉ុន​។​ល​៕