មូលនិធិ CBRD របស់​ក្រសួង ក្រសួង​ប្រៃសណីយ៍ ប្រមូល​ប្រាក់​បាន​ចំនួន​ជាង ៤​លាន​៥​សែន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៧

90

ភ្នំពេញ៖ មូលនិធិ នៃ​ការកសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ហៅ​កាត់ CBRD របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ទទួលបាន​ទឹកប្រាក់​ចំនួន ៤​លាន​៥​សែន​ដុល្លារ​ពី​ការបង់​វិភាគទាន ពី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​កំពុង​ដំណើរការ​នៅ​កម្ពុជា​។​

ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​មូលនិធិ CBRD FUND បានបញ្ជាក់​ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន ដែល​ប្រព្រឹត្តិ​ទៅ កាលពី​ល្ងាច​ថ្ងៃទី ២៨​ខែវិច្ឆិកា ថា ដំណើរការ​លើកដំបូង​នៃ​ការអនុវត្ត គម្រោង​មូលនិធិ​ក្នុង​ឆ្នាំ ២០១៧​មាន​ភាពប្រសើរ​ជាខ្លាំង ដោយមាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ៨៧% បាន​បង់​វិភាគទាន​ចូល​មូលនិធិ ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៤​លាន ៥​សែន​ដុល្លារ​។​

ឯកឧត្តម​បន្តថា ទឹកប្រាក់​ដែល​ទទួលបាន​ពី​មូលនិធិ​នេះ គឺ​ប្រើប្រាស់​ក្នុងការ​ទ្រទ្រង់​និង​លើកកម្ពស់​ដល់​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ មកទល់ពេលនេះ ថវិកា​បាន​ចំណាយ​លើ​គម្រោង​ដូចជា ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សិក្សា​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ការស្ថាបនា​បន្ទប់​កុំព្យូទ័រ​នៅតាម​វិទ្យាល័យ​ចំនួន ២០ ផ្តល់​ថវិកា​ដល់​ការងារ​ស្រាវជ្រាវ​ចំនួន​បី ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ការ​ទ្រទ្រង់​សកម្មភាព និង​កម្មវិធី​មួយចំនួន​ដើម្បី​បង្កើន​សហគ្រិនភាព​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​

មូលនិធិ CBRD FUND នេះ​គឺ​តម្រូវអោយ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ នៅ​កម្ពុជា​ទាំងអស់​ចូលរួម​វិភាគទាន ១%​នៃ​ចំណូល​ដុល​សរុប​ប្រចាំឆ្នាំ​របស់ខ្លួន​៕