អ្នកជំនាញ​ប្រវត្តិសាស្ត្រ​ បញ្ជាក់ថា ​ព្រឹត្តិការណ៍ ២​ធ្នូ​រួមចំណែក​សំខាន់​ក្នុង​សន្តិភាព​និង​ការ​អភិវឌ្ឍ​សង្គម​សព្វថ្ងៃ

104

ភ្នំពេញ ៖ ​ជំនាញ​ប្រវត្តិសាស្ត្រ បាន​ចាត់ទុកថា ព្រឹត្តិការណ៍ ២​ធ្នូ​កាលពី​ឆ្នាំ ១៩៩៨ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង ​បាន រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទទួល​បានការ​រស់រាន​មានជីវិតរ​បស់ ប្រជា​ពលរដ្ឋ ក៏ដូចជា​បន្ត​សន្តិភាព ​និង​ការ​អភិវឌ្ឍ​រហូត​សព្វថ្ងៃ​។

ស្របពេល​ព្រឹត្តិការណ៍ ២​ធ្នូ​ខិតចូល​មកដល់​នាពេលខាងមុខ​ លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា​ជា​អ្នកប្រវត្តិសាស្ត្រ ​បានបញ្ជាក់​នៅ​ថ្ងៃទី ៣០ ​ខែវិច្ឆិកា​នេះ​ថា ព្រឹត្តិការណ៍ ២​ធ្នូ ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ ដែល​វីរជន​ជំនាន់​មុន​ក្នុង​កំឡុង​ឆ្នាំ ១៩៧៨ ​បានដាក់​ទុន​ជីវិត តស៊ូ ​ពលី​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​។

លោក​សាស្ត្រាចារ្យ​ចាត់ទុកថា ២​ធ្នូ​ជា​ព្រឹត្តិការណ៍​ត្រូវ​ចងចាំ​ និង​អោយ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ​ ព្រោះ​វា​ឫសគល់​ ​នៃ​ក្ដីសង្ឃឹម​របស់​ប្រជាជាតិ​កម្ពុជា ​ក្នុងការ​បញ្ចប់​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ ៧​មករា ឆ្នាំ ១៩៧៩ និង​ជា​ផ្នែក​សំខាន់​នៃ​សន្តិភាព​ និង​ការអភិវឌ្ឍ​សព្វថ្ងៃ​។

ជុំវិញ​ថ្ងៃ ព្រឹត្តិការណ៍​២​ធ្នូ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ក៏បាន​រៀបចំ ព្រឹត្តិការណ៍ ៤០​គីឡូម៉ែត្រ ​ទៅកាន់​ប្រវត្តិសាស្ត្រ ដោយ​តម្រូវ​អោយ​បេក្ខជន​ចូលរួម ដើរ​ថ្មើរជើង​ក្នុង​រយៈ​ចម្ងាយ ​៤០​គីឡូម៉ែត្រ​ផងដែរ​ ដើម្បី​រម្លឹក​ដល់​ការ​លះបង់ ​និង​អោយ​យុវជន​ដឹង​ច្បាស់​ពី​ភាព​លំបាក​មួយចំណែក​តូច នៃ​វីរៈភាព​យុវជន​ជំនាន់​មុន​។

យុវជន​មួយរូប​ដែល​បាន​ចូលរួម ក្នុង​ព្រឹត្តិការណ៍ ៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​ បាន​បញ្ជាក់​ថា ក្នុងនាម​ជា​យុវជន​ពុំបាន​ភ្លេចគុណ​នៃ​រីរៈភាព​យុវជន​ជំនាន់​មុន​នោះទេ ​ហើយ​ប្ដេជ្ញា​ក្នុង​ការ​ថែរក្សា​សន្តិភាព​និង​ការ​អភិវឌ្ឍ​ដែល​ទទួល​បាន​ពី​ការ​លះបង់​របស់​យុវជន​ជំនាន់​មុន​។

ព្រឹត្តិការណ៍ ៤០​គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ គឺ​តម្រូវ​អោយ​ដើរ​ក្នុង​រយៈ​ចម្ងាយ ៤០​គីឡូម៉ែត្រ​ចាប់ផ្ដើម​ពី​ទីតាំង ​សាលាបឋមសិក្សា កោះ​ថ្ម ក្នុងស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ​ ឆ្ពោះទៅកាន់​គោលដៅ​ចុងក្រោយ​គឺ វិមាន​អនុស្សាវរីយ៍​២​ធ្នូ ​ដែល​មាន​ទីតាំង​ក្នុងស្រុក ស្នួល ​ខេត្ត ក្រចេះ​។ ​ព្រឹត្តិការណ៍​នេះ ចាប់ផ្ដើម​ថ្ងៃទី ​២៩ និង​បញ្ចប់​ត្រង់​គោលដៅ​ នៅ​ថ្ងៃទី ៣០​ខែ វិច្ឆិកា​នេះ​៕