អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ៖ ​កងទ័ព​កើតចេញពី​ប្រជាជន​និង​ដើម្បី​ប្រជាជន​

773

ភ្នំពេញ៖ អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ស្តីទី​សេនាធិការ​ចម្រុះ មេបញ្ជាការ​ស្តីទី​កង​ទ័ពជើងគោក បាន​ថ្លែងថា កងទ័ព​កើតចេញពី​ប្រជាជន​និង​ដើម្បី​ប្រជាជន​ទាំង​នៅពេល​សង្គ្រាម​និង​សន្តិភាព​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ដើម្បី​បន្ត​ពង្រឹង​ការកសាង​ធនធានមនុស្ស​ក្នុង​វិស័យ​ការពារជាតិ​កងកម្លាំង​ប្រដាប់អាវុធ​ត្រូវតែ​ធ្វើការ​កែទម្រង់​ដោយ​ឈរលើ​គោលការណ៍​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ជាពិសេស​ទៅលើ​ប្រព័ន្ធ​អប់រំ​យោធិន​ត្រូវតែ​កែសម្រួល​សំដៅ​បង្កើន​ប្រសិទ្ធភាព​នៅក្នុង​ការបណ្ដុះបណ្ដាល​យោធិន​អាជីព​នៃ​ការហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ផ្សេងៗ​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ស្តីទី​សេនាធិការ​ចម្រុះ មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក ថ្លែង​ដូចនេះ​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​សង្គ្រោះបន្ទាន់ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក មន្ត្រីនគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ នៅ​កងពលតូច​លេខ​៧០ កាលពី​ថ្ងៃទី​០៣ កញ្ញា ២០១៨​។​

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ការបណ្ដុះបណ្ដាល​ថ្ងៃនេះ​គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​ការសង្គ្រោះ​ជីវិត​មនុស្ស​សំខាន់​ដោយ​ពឹង​ផ្អែកទៅលើ​អ្នក​ជួយសង្គ្រោះ​និង​សម្ភារៈ​បរិក្ខារ​គ្រប់គ្រាន់​។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ កងកម្លាំង​បាន​ចូលរួម​បម្រើ​និង​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​គ្រប់បែបយ៉ាង​ទាំង​គ្រោះ​មន្ត​រាយ​ធម្មជាតិ​និង​គ្រោះថ្នាក់​ផ្សេងៗ​។ ការត្រៀម​លក្ខណៈ​ហ្វឹកហ្វឺន​បំពេញ​សមត្ថភាព​និង​សព្វាវុធ​ជាប់​ជានិច្ច​គឺជា​ភារកិច្ច​ដ៏​សំខាន់​របស់​កងកម្លាំង​ប្រដាប់អាវុធ​មិន​ចាំតែ​ពេល​មាន​សង្គ្រាម​ឬ​ប្រឆាំងនឹង​សត្រូវ​ប្រដាប់អាវុធ​នោះទេ​។​ដូច្នេះ​សូម​អង្គភាព​នីមួយៗ​យកចិត្តទុកដាក់​លើ​ការងារ​នេះ​ក្នុងការ​បម្រើ​និង​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មាន​សុទិដ្ឋិនិយម​ថា​ការហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ផ្សេងៗ​ក្នុង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​នគរបាលជាតិ​កងរាជអាវុធហត្ថ​នៅតែ​ជា​កិច្ចការ​សំខាន់​និង​ចាំបាច់​បំផុត​ដែល​ទាមទារ​ឲ្យ​កងកម្លាំង​ទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ពុះពារ​បាន​។​

សូមបញ្ជាក់ថា ​សិក្ខាកាម​ចំនួន ៣១ នាក់​ដែល​មកពី​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ ៧០​នគរបាល​ចរាចរ​ព​ន្ល​ត់​អគ្គីភ័យ​នៃ​ក្រសួងមហាផ្ទៃ និង​នគរបាល​មកពី​ស្នងការ​ខេត្តកណ្ដាល​និង​រាជធានី​ភ្នំពេញ​បាន​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​ឯកទេស​សង្គ្រោះ​បន្ទាន់ដោយ​ជោគជ័យ នៅ​កងពលតូច​ថ្មើរជើង​លេខ​៧០​ដែល​ផ្ដោត​សំខាន់​លើ​ផ្នែក​បច្ចេកទេស​សង្គ្រោះ​បឋម ការប្រើប្រាស់​សម្រាប់​សង្គ្រោះ​ដើម្បី​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​គ្រោះមហន្តរាយធម្មជាតិ​ឬ​គ្រោះថ្នាក់​ផ្សេងៗ​៕