ក្រុម​ជន​អន្តោ​ប្រវេសន៍​នាំគ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ច្រក​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក

223

ម៉ិកស៊ិក៖ កាលពី​ថ្ងៃអាទិត្យ​ ក្រុម​ជនអន្តោប្រវេសន៍បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ នៅ​ច្រក​ឆ្លងកាត់​ព្រំដែន​នៃ​ទីក្រុង​ទី​ជួ​ណា​ ដើម្បី​ដាក់​សំពាធ​មក​លើ​ក្រុម​អាជ្ញាធរ​សហរដ្ឋអាមេរិក ឲ្យ​អើពើ​នឹង​ករណី​សុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ​នៅ​សហរដ្ឋអាមេរិក​។

ក្រុម​ជនអន្តោប្រវេសន៍​ចម្រុះ​ជាតិ​សាសន៍ បាន​ផ្លាស់ប្ដូរ​វេន​គ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ ដើម្បី​ឲ្យ​មានការ​ចាប់​អារម្មណ៍​លើ​ស្ថានភាព​ដ៏​លំបាក​របស់​ពួកគេ​។ ភាគច្រើន​នៃ​ក្រុម​គ្រួសារ​ទាំង​អស់​នេះ មកពី​ប្រទេស​ហុង​ឌូ​រ៉ា​ស និង​រត់​គេ​ចេញពី​អំពើ​ហិង្សា​របស់​ក្រុម​អន្ធពាល និង​ការ​ធ្លាក់​ចុះ​ដុនដាប​ផ្នែក​សេដ្ឋកិច្ច ដោយ​ពួកគេ​សង្ឃឹមថានឹង​អាច​មាន​ឱកាស​ល្អ​ប្រសើរ​ជាង​នេះ ​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​។​ ប៉ុន្តែ​លោក​​ ដូ​ណា​ល់ ត្រាំ បាន​ចាត់​ទុក​ក្រុម​ជនអន្តោប្រវេសន៍​ទាំង​អស់​នេះ​ថា ​ជា​ជន​ឈ្លានពាន និង​បាន​ដាក់​ពង្រាយ​យោធា​អាមេរិក​នៅ​តំបន់​ព្រំដែន​ភាគ​ខាង​ត្បូង និង​ទទូច​សុំ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​កំណើត​វិញ​។

ខណៈ​នោះ​ដែរ​រដ្ឋបាល​របស់​លោក ​ត្រាំ បាន​ចូល​កិច្ចប្រជុំ​ជាមួយ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​ ដើម្បី​ពិភាក្សា​រឿង​ទុក​ជនអន្តោប្រវេសន៍​ទាំង​អស់​នេះ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ខណៈ​ពេល​ដែល​ករណី​សុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ កំពុង​ដំណើរការ​នៅ​តុលាការ​៕

អត្ថបទ៖ សារ៉ាត់