ព្រឹទ្ធាចារ្យ យន់ វង្ស​រ៉ាត់ វិល​ពី​អាមេរិក​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

16024

បាល់ទាត់៖ ​អតីត​អ្នកចាំទី​ឆ្នើម​ជំនាន់​ទសវត្ស​ឆ្នាំ​៨០, ព្រឹទ្ធាចារ្យ យន់ វង្ស​រ៉ាត់ បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើលតាម​រយៈ​ការ​បង្ហាញ​ខ្លួន ​ជា​គ្រូ​អ្នកចាំទី​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា ដែល​កំពុង​ប្រមូល​ផ្តុំ​ត្រៀម​ប៉ះ​ម៉ាឡេស៊ី ជាមួយ​ក្រុម​គ្រូ​បង្វឹក​របស់​អ្នកចាត់ការ​ថ្មី Keisuke Honda​។

​ព្រឹទ្ធាចារ្យ វង្ស​រ៉ាត់ ជា​អតីត​អ្នកចាំទី​របស់​ក្លឹប​ស្បៀង​មជ្ឈិម ដែល​ក្រសោប​ពាន​ស្ទើរ​ទាំងអស់​នៅ​កម្ពុជា​អំឡុង​ឆ្នាំ​៨០​។ បន្ទាប់មក​ដោយសារ​សង្គ្រាម​ផ្ទៃក្នុង បាន​បង្ខំ​ឲ្យ​លោក​ចាក​ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក កសាង​គ្រួសារ​រហូតដល់​សព្វថ្ងៃ​។ ​លោក​ត្រូវ​បាន​ផ្ដល់​រហស្សនាម​ជា​អ្នកចាំទី​ដៃ​ស្អិត​ជំនាន់​លោក អ៊ុក ផាត​។ ក្រៅពី​បទពិសោធន៍​ជា​កីឡាករ លោក​ក៏​មាន​ជំនាញ​បង្វឹក​យ៉ាង​ច្បាស់​លាស់ ​ជាមួយ​សញ្ញាប័ត្រ​ចេញពី FIFA ផង​ដែរ​។ ​ក្រោម​វត្តមាន​របស់​លោក យន់ វង្ស​រ៉ាត់ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​កោះ​ហៅ​អ្នកចាំទី​វ័យក្មេង ​៣​រូប​ចូល​រួម​មាន អ៊ុំ វិចិត្រ, កែវ សុខ​សិលា និង​ស៊ូ យ៉ា​ទី ត្រៀម​​ខ្លួន​​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ខាងមុខ​៕