ក្រុម​អ្នក​តវ៉ា​គាំទ្រ និង​ចាក​ចេញ​ពី​អឺរ៉ុប​ប្រមូលផ្ដុំ​គ្នា​ មួយ​សប្ដាហ៍​មុន​ការ​ជជែក​ដេញដោល​ជុំវិញ​កិច្ច​ព្រម​ព្រៀង​អឺរ៉ុប​ក្នុង​សភា​អង់គ្លេស​

109

អង់គ្លេស៖ ក្រុម​អ្នក​តវ៉ា​គាំទ្រ​ និង​ប្រឆាំង​ដំណើរ​ការ​ចាក​ចេញ​ពី​អឺរ៉ុប បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង ​Westminster កាលពី​ថ្ងៃ​ចន្ទ នៅមុន​ការ​ជជែក​ដេញដោល​រយៈពេល​ ៥​ថ្ងៃ ស្ដីពី​កិច្ចព្រមព្រៀង​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ​របស់​លោក​ស្រី​នាយករដ្ឋមន្ត្រី ​Theresa May​ នៅ​ក្នុង​សភា​។​

មនុស្ស​រាប់​សិប​នាក់មកពី​ក្រុម​យុទ្ធនាការ ចាកចេញ​មានន័យថា​ចាកចេញ ​‘Leave Means Leave’ បាន​ស្រែក​ស្រុះ​ៗ​គ្នា​ និង​កាន់​បដា​តវ៉ា​ប្រឆាំង​ទៅ​នឹង​កិច្ចព្រមព្រៀង​នេះ។ ចំណែក​ក្រុម​បាតុករ​ប្រឆាំង​ការ​ចាក​ចេញពី​សហ​ភាព​អឺរ៉ុប​ ដែល​កំពុង​កាន់​ទង់ជាតិ​សហភាព​អឺរ៉ុប ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ។​ រីឯក្រុម​អ្នកធ្វើ​យុទ្ធ​ការ​មក​ពី​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា ​ជាការបោះឆ្នោត​របស់​ប្រជាជន ឬ ‘People’s Vote’ បាន​ផ្ញើ​ញត្តិ​សុំ​បោះឆ្នោត​ប្រជាមតិ​មួយទៀតទៅកាន់វិមាននាយករដ្ឋមន្ត្រី Downing Street​។​ សភា​នឹង​ចាប់ផ្ដើម​ការ​ជជែក​ដេញដោលរយៈ​ពេល ​៥​ថ្ងៃ​នៅ​ថ្ងៃ​ទី​៤ ​ខែ​ធ្នូ​នេះ ជាមួយ​នឹង​ការ​បោះ​ឆ្នោត​ចុងក្រោយ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង ១​សប្ដាហ៍​បន្ទាប់ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ខាងមុខនេះ៕

អត្ថបទ៖ សុខ​មាន