រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបាន​តម្កល់​នៅ​អនុវិទ្យាល័យ​ពាម​មង្គលបុរី

120

តាកែវ៖ ​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត​និង​សួនច្បារ​ក្នុង​អនុវិទ្យាល័យ​ពាម​មង្គល បូរី ស្ថិតនៅក្នុង​ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ដោយមាន​ចូលរួម​ពី​កម្មសិក្សាការី​វគ្គ​វិក្រឹត្យាការ​មន្ត្រី​មធ្យម​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើនរូប នា​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨​។​

លោក ស្រ៊ា​ន ផានិត ប្រធាន​នាយកដ្ឋាន បណ្តុះបណ្តាល​បន្ត នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​រដ្ឋបាល មានប្រសាសន៍ថា ដើម្បីឱ្យ​ស្របតាម​កម្មវិធី​បណ្តុះបណ្តាល​វគ្គ​វិ​ក្រឹ​ត្យ​ការ​មន្ត្រី​មធ្យម​ឆ្នាំ​២០១៨​នៃ សាលា​ភូមិន្ទ​រដ្ឋបាល ការងារ​សង្គម​ជាច្រើន​ត្រូវបាន​ធ្វើឡើង ដូចជា​សកម្មភាព​កីឡា សិល្បៈ បរិស្ថាន និង​ការងារ​មនុស្សធម៌​នានា​។​

​​​លោក​បន្តថា កិច្ចការងារ​សង្គម​នា​ពេលនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​ការអប់រំ​ផ្សារភ្ជាប់​សង្គម និង​មនុស្សធម៌​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដោយ​ផ្តោត លើ​ការងារ​វប្បធម៌ ដែល​បាន​សាងសង់​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​ចំណាយពេល​ជាង​៣​ខែ​ក្នុង ទំហំ​ទឹកប្រាក់​ជិត​៥០០០​ដុល្លារ​។ ដោយ​បន្តថា​ការធ្វើ​ដូច្នោះ​គឺ​ដើម្បី​លើក​កំពស់​កិត្តិយស និង​តម្លៃ​វប្បធម៌​ជាតិ​។​

​​​ចំណែក​ការងារ​មួយទៀត​គឺ​ការងារ​មនុស្សធម៌​ដោយបាន​ចែក​ថ្នាំពេទ្យ​ជួន​ដល់​ប្រជាពលរដ្ឋ​ចូលរួម ៧០០​នាក់ ដែលជា​វប្បធម៌​ចែករំលែក និង​សប្បុរសធម៌ ។ ថ្នាំពេទ្យ​ទាំងអស់នេះ​ជា​អំណោយ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​។​

​​​លទ្ធផល​ដែល​ទទួលបាន​នាពេលនេះ​គឺជា​គំនិត​ផ្តួចផ្តើមឡើង​ពី​ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល និង​គ្រូ​សម្របសម្រួល​ក្នុងន័យ​បំផុត​ឱ្យ​កម្មសិក្សាការី មាន​ស្មារតី​ធ្វើការ​ជា​ក្រុម សិល្បៈ​ចែករំលែក ចេះ​សាមគ្គីភាព ចែករំលែក​បទពិសោធ​ន៍ ទស្សនៈ​ចំណេះដឹង និង​គំនិត​ច្នៃប្រឌិត ដើម្បី​បង្កើន​នូវ សមត្ថភាព​ដឹកនាំ​៕​