សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​និង​ដៃគូ​សហប្រតិបត្តិការ​អន្តរជាតិ​បន្ត​ជួយ​រមណីយដ្ឋាន​អង្គរ​

296

ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​កិច្ច​ប្រជុំពេញអង្គ​លើក​ទី​២៥​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​នា​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​សៀមរាប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ និង​ដៃគូ​សហប្រតិបត្តិការ​អន្តរជាតិ​បន្ត​ជួយ​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​និង​ធនធានមនុស្ស​បន្តទៀត​។

រីឯ​ក្រសួង​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ រួមទាំង​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវតែ​ចូលរួម​សហការគ្នា​ឱ្យបាន​ល្អ​ក្នុង​ការការពារ​បេតិកភណ្ឌ​មនុស្សជាតិ​និង​រមណីយដ្ឋាន​អង្គរ ពោល គឺ​ដើម្បី​អង្គរ​ទាំងអស់គ្នា​។​

សម្តេច​ក៏បាន​សង្កត់ធ្ងន់​ផង​ថា នា​សតវត្ស​ទី​១៩៨០ កម្ពុជា​អភ័ព្វ​ណាស់ តាមរយៈ​ការគាំទ្រ​អាសនៈ​របស់​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ កត្តា​សង្គ្រាម និង​កត្តា​នយោបាយ កម្ពុជា​បានទទួល​រង​នូវ​ទណ្ឌកម្ម​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច ធ្វើ​ឲ្យ​ប្រទេស​រង​នូវ​ការបំផ្លាញ​គ្រប់បែបយ៉ាង សូម្បីតែ​ប្រាសាទអង្គរវត្ត​និង​ប្រាសាទព្រះវិហារ ដែល​ចំណុច​នេះ​សម្តេច​ស្នើ​ដល់​ពិភពលោក​គួរ​ធ្វើ​ការដកពិសោធន៍ ហើយ​មិនគួរ​ទុកឱ្យ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ទាំង​នៅ​កម្ពុជា​និង​នៅ​បណ្តា​ប្រទេស​នានា​នៅ​ឡូកឡំ​ដោយ​ទណ្ឌកម្ម​នយោបាយ​ឡើយ​។​

អំពី​ការថែរក្សា​និង​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ សម្តេច​បាន​ថ្លែងថា វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ដូច្នេះ​សូមអ្នក​នយោបាយ​កុំ​ធ្វើការ​ញុះញង់​ដោយ​ប្រការ​ណាមួយ​ក្នុងន័យ​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលទៅ​កាន់កាប់​ឬ​រស់នៅ​ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​តំបន់​បេតិកភណ្ឌ​នា​រដូវ​បោះឆ្នោត​ដោយ​រួមទាំង​តំបន់​បេតិកភណ្ឌ​ដែល​ចុះបញ្ជី​និង​មិនទាន់បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រោះ​ការថែរក្សា​តំបន់​បេតិកភណ្ឌ​ជា​ភារកិច្ច​របស់​ខ្មែរ​គ្រប់រូប គ្រប់​ជាន់ថ្នាក់​។

លើសពីនេះ សម្តេច​បាន​ប្រដូច​អង្គរ​ជា​មេមាន់ ដែល​មិនត្រូវ​សម្លាប់​មាន់​ដើម្បី​ឆ្ងាញ់​តែមួយ​ពេល​ទេ គឺ​ត្រូវ​ចិញ្ចឹម​យក​ស៊ុត​និង​កូន ទើបបាន​ប្រយោជន៍​យូរអង្វែង​សម្រាប់​អនាគត​របស់​មនុស្ស​ជំនាន់​ក្រោយ​។​

ទន្ទឹមគ្នា​នេះ សម្តេច​ក៏បាន​រំឭក​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការពារ​និង​បញ្ជៀ​សប​ញ្ហា​ផ្សេងៗ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​ក្នុងប្រទេស​ជាមួយ​អង្គ​ព្រះមហាក្សត្រ ព្រះ​បរម​តន​កោដ្ឋ ពិសេស​តំបន់​អង្គរ ទាំង​ការបង្កើត​ច្បាប់​ការពារ​បេតិកភណ្ឌ ការដោះដូរ​ដីធ្លី និង​ផ្លាស់ប្តូរ​ទីលំនៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​មុខ​ប្រាសាទអង្គរវត្ត​នា​ដើម​ទសវត្ស​ទី​១៩៩០​។

សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើតឱ្យមាន​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ពិសេស​ថ្លែងអំណរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​យូណេស្កូ បណ្តា​ដៃគូ​សហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​អភិរក្ស អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បានធ្វើឱ្យ​អាយ​ស៊ី​ស៊ី​-​អង្គរ​ក្លាយជា​ស្ថាប័ន​គំរូ​សម្រាប់​ជាតិ​និង​អន្តរជាតិ ជួយ​អភិរក្ស​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​បាន​យ៉ាងច្រើន​ក្នុងការ​ថែរក្សា​អង្គរ​៕​