អាល្លឺម៉ង់​ចង់​បើក​ឆាក Nations League ឈ្នះ​ជើងឯក​ពិភពលោក​បារាំង​

736

បាល់ទាត់៖ ​​ក្រុម​ជើងឯក​ពិភពលោក 2014 អាល្លឺម៉ង់​សង្ឃឹម​ថា​នឹង​បើក​ឆាក Nations League ជាមួយ​នឹង​ជ័យ​ជំនះ​លើ​ក្រុម​ជើងឯក​ពិភពលោក 2018 បារាំង ខណៈ​ក្រុម​ទាំង២ នឹង​ជួប​គ្នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នៅ​ទីក្រុង Munich​។

​​ក្រុម​របស់​លោក Joachim Loew មិន​ជោគជ័យ​ឡើយ​នៅ World Cup 2018 ប្រទេស​រុស្ស៊ី​កន្លងទៅ​ ពោល​គឺ​ឈ្នះតែ ១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម 3ប្រកួតដែល​រួមមាន​ចាញ់​ម៉ិ​ក​ស៊ិ​ក ឈ្នះ​ស៊ុយអែត និង​ចាញ់​កូរ៉េខាងត្បូង​។ ​លោក Joachim Loew នៅតែ​រក្សា​កីឡាករ​មួយ​ចំនួន​ពី​បរាជ័យ​នៅ​រុស្ស៊ី​ដូចជា Manuel Neuer, Thomas Muller និង Joerome Boateng ជាដើម​។ តែ​ក៏​មានមុខ​កីឡាករ​ថ្មី​មួយ​ចំនួន​ដែរ ​ដូចជា​ខ្សែ​ការពារ PSG, Thilo Kehler ខ្សែបម្រើ​ស្លាប​របស់ Hoffenheim, Nico Schulz និង Kai Havertz ដែល​ជា​កីឡាករ​វ័យក្មេង​របស់ Bayer Leverkusen​។ ​សូម​បញ្ជាក់​ថា​ អាល្លឺម៉ង់​ស្ថិត​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ Nations League រួមជាមួយ​បារាំង និង​ហូ​ឡង់​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ