វិមាន​ឈ្នះ ឈ្នះ​នឹង​ក្លាយ​ជា​សារមន្ទីរ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​

259

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សាងសង់​សំណង់​វិមាន​ឈ្នះ ឈ្នះ និង​ជា​អគ្គនាយក​នយោបាយ​និង​កិច្ចការ​បទេស​នៃ​ក្រសួងការពារជាតិ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​វិមាន​ឈ្នះ ឈ្នះ​គឺ​នឹង​ក្លាយ​ជា​សារៈមន្ទីរ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ហើយ​វិមាន​នេះ​ក៏​បង្ក​ប​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រហូតដល់​សព្វថ្ងៃនេះ​ផងដែរ​។​

​​ថ្លែង​នៅក្នុង​សន្និសីទ​នា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ​នៅ​ពីមុខ​វិមាន​ឈ្នះ ឈ្នះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ​បាន​បញ្ជាក់​ថា ​វិមាន​ឈ្នះ ឈ្នះ​នេះ ​គឺ​បាន​បង្ក​​ដោយ​អត្ថន័យ​ធំធេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ជាពិសេស​ចាប់​តាំងពី​សម្តេច​ បានដាក់​នូវ​គោល នយោបាយ​ឈ្នះ ឈ្នះ​ឆ្នាំ​១៩៩៨​មក ហើយ​វិមាន​នេះ​នឹង​ក្លាយទៅជា​សម្បត្តិ​សាធារណៈ​ដើម្បី ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បន្ត​ថែរក្សា​និង​យល់ដឹង​បន្ថែម​ទៀត​នូវ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​។​

​​សូម​រំលឹក​ថា ​វិមាន​ឈ្នះ ឈ្នះ​គឺ​បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លង​ទៅដោយ​ទំហំ​ដី​ប្រាំបី​ហិកតា ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។ ថវិកា​ដែល​យកមក​សាងសង់​នូវ​វិមាន​នេះ គឺជា​ថវិកា​បដិភាគរ​បស់​រាជរដ្ឋាភិបាល ពុំមាន​ទាក់ទង​នឹង​ថវិកា​រដ្ឋ​នោះឡើយ​។

ការសាងសង់​វិមាន​ឈ្នះ ឈ្នះ នេះ​ក៏​ដើម្បី​រំលឹក​ដល់​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល​ដែល​បាន​លះបង់​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ក៏​ជា​និមិត្តរូប​នៃ​សុខសន្តិភាព​ដែល​កម្ពុជា​ទទួល​បាន​ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក​ផងដែរ​។

បើតាម​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ដដែល​បានបញ្ជាក់​ទៀតថា រូបចម្លាក់ ដែល​ឆ្លាក់​ជុំវិញ​វិមាន​នេះ​មានដូចជា​សត្វ​ដំរី​. នាគ​. ហង្ស​.​គ្រុឌ​.​តោ និង​សត្វ​ជាច្រើន​ទៀត​រាប់រយ​ផ្ទាំង​ហើយ​រូប​សត្វ​ទាំងនោះ​គឺ​សុទ្ធតែ​ឆ្លាក់​មាន​ស្លាប តំណាង​ឲ្យ​សត្វ​ទេ​ព្យ​ដូច​រូបចម្លាក់​នៅ​ព័ទ្ធជុំវិញ​នៃ​ប្រសាទ​សំបូរ​ព្រៃគុហ៍​យ៉ាង​ដូច្នេះ​ដែរ​។​

ជាមួយគ្នា​នោះដែរ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​រូបចម្លាក់​ដែល​ឆ្លាក់​ព័ទ្ធជុំវិញ​នៃ​វិមាន​គឺ​ភាគច្រើន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​អំ ឡុង​ទសវត្ស​ន៍ ៨០​និង​៩០​ជាពិសេស​គឺ​និយាយ​អំពី​ដំណើរ​របស់​សម​មិត្ត​ហ៊ុន សែន​និង​យុទ្ធ មិត្ត​ផ្សេងទៀត​ដែល​បានចាប់ផ្តើម​ធ្វើដំណើ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ស្នើរ​សុំ​កម្លាំង​ភាគី​វៀតណាម​ជួយ​រំដោះប្រទេស​កម្ពុជា​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​តែម្តង​៕​