សាលី អ៊ូ​មើ​ត បង្កើត​កំណត់ត្រា​ថ្មី ក្រោយ​ឈ្នះ​ជើងឯក​ពាន King Cup-Jet Ski World Cup 2018 នៅ​ថៃ

2207

ប្រណាំង​ម៉ូតូ​ទឹក៖ វីរ​កីឡាករ សាលី អ៊ូ​មើ​ត បាន​បង្កើត​កំណត់​ថ្មី​មួយ​ទៀតហើយ បន្ទាប់ពី​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក King Cup-Jet Ski World Cup 2018 នៅ​ក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដោយ​ដណ្ដើម​បាន​ជើងឯក​លើ​វិញ្ញាសា Ski Modified កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​ម្សិលមិញ។

នេះ​គឺជា​លើក​ទី​៤ ហើយ ដែល​កីឡាករ​មាន​ដើមកំណើត​ពី​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ ដណ្ដើម​បាន​ជើងឯក​ក្នុង​ព្រឹត្តិ​ការណ៍​អន្តរជាតិ​នេះ។ ប៉ុន្តែ​អ្វី​ដែល សាលី អ៊ូ​មើ​ត បាន​បង្កើត​កំណត់ត្រា​ថ្មី គឺ​ការ​ឈ្នះ​ជើង​ឯក​លើក​នេះ ធ្វើ​សម្រេច​លើ​វិញ្ញាសា Ski Modified ដែល​ជា​វិញ្ញាសា​ថ្មី ខុស​ពី ៣​លើក​មុន រូបគេ​ដណ្ដើម​បាន​ជើងឯក​លើ​វិញ្ញា​សា Novice 2 Stroke Stock ចំនួន ២​លើក និង​វិញ្ញាសា Pro Am Ski Open ១​លើក។​ សម្រាប់​វិញ្ញាសា Ski modified គឺជា​វិញ្ញាសា​ដ៏​ជោគជ័យ​សម្រាប់​កីឡាករ សាលី អ៊ូ​មើ​ត ក្នុង​ឆ្នាំ​២០១៨ ដោយសារ​ជា​វិញ្ញាសា អ៊ូ​មើ​ត ទើប​ដណ្ដើម​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ឥណ្ឌូនេស៊ីកាល​ពី​ខែ​សីហា ហើយក៏​ទើប​ដណ្ដើម​បាន​ជើងឯក​រង ក្នុង​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក នៅ​សហរដ្ឋ​អាមេរិកកាលពីដើម​ខែ​តុលា​កន្លង​ទៅ​ផង​ដែរ។​

ចំពោះ​បេសកកម្ម​ចូលរួម​ការប្រកួត​ពាន​រង្វាន់ King Cup-Jet Ski World Cup 2018 ដែល​ជា​មាន​កីឡាករ​ជើង​ខ្លាំង​ជុំវិញ​ពិភពលោក​ជាង ៥០​ប្រទេស​ចូលរួម​នេះ កីឡាករ សាលី អ៊ូ​មើ​ត ធ្វើ​បាន​យ៉ាង​ល្អដោយ​ដណ្ដើម​បាន​ចំណាត់​លេខ​១ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន ៤​ជុំ​ផ្ទួនៗ ដើម្បី​ក្លាយ​ជា​ជើងឯក។ មិនតែប៉ុណ្ណោះ កីឡាករ ម៉ី​ន មូស​ស្ដា​ន របស់​កម្ពុជាក៏​ទទួល​បាន​លេខ​៣ ក្នុង​វិញ្ញាសា​នេះ​ដែរ។​ គួរ​បញ្ជាក់​ថា សរុប​ជា​លទ្ធផល​ក្នុង​បេសកកម្ម​នេះ កម្ពុជាដែល​បាន​បញ្ជូន​កីឡាករ​ត្រឹមតែ ២​នាក់​ទៅ​ចូលរួមគឺ​ដណ្ដើម​បាន​ពាន​ជើងឯក១ និង​ពាន​ចំណាត់​ថ្នាក់​លេខ​៣ ចំនួន២ ព្រោះ​បន្ថែម​លើ​ការ​ដណ្ដើម​បាន​លេខ​៣ លើ​វិញ្ញាសា Ski Modified រូបគេក៏​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៣ លើ​វិញ្ញាសា Amateur Ski limited ផង​ដែរ៕

អត្ថបទ៖ លី ឈុន​ឡា