Cristiano Ronaldo ហៅ Lionel Messi​ មក​លេង​នៅ​អ៊ីតាលី​

673

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Juventus, Cristiano Ronaldo បាន​ហៅ Lionel Messi​ ឲ្យ​ចាក​ចេញពី Barcelona មក​លេង​នៅ​ទឹកដី​អ៊ីតាលី​ថ្ងៃ​ណាមួយ ដើម្បី​បន្ត​ប្រកួតប្រជែង​គ្នា​ដូច​កាល​នៅ​អេ​ស្ប៉ា​ញ​។

​​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្កាល់​រូប​នេះ​បាន​ផ្ទេរ​ពី Real Madrid មកកាន់​ជើងឯក​អ៊ីតាលី​សេះបង្កង់ Juventus​ ក្នុង​តំលៃ 99.2លាន​ផោន​កាលពី​រដូវ​ក្តៅ​កន្លងទៅ​។​ ​Ronaldo និង Messi​ រហូត​មក​ដល់​ពេល​នេះ​ នៅ​តែ​ជា​គូប្រជែង​នឹង​គ្នា​លើ​វិស័យ​បាល់ទាត់ នឹង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាង​គេ ខណៈ​អ្នក​ទាំង​ពីរ​ឈ្នះ​ពាន Ballon d’Or ប្រាំ​លើក​ដូចគ្នា ទោះបី​ឆ្នាំនេះ Luka Modric​ ជា​អ្នកឈ្នះ​ឆ្នាំនេះ​។ ​Ronaldo បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ថា “​ខ្ញុំ​ចង់​ឲ្យ​គាត់​មក​លេង​នៅ​អ៊ីតាលី​ថ្ងៃ​ណាមួយ ខ្ញុំ​សង្ឃឹមថា គាត់​ព្រម​មក​កាន់​ទីនេះ តែ​បើ​មិន​មក​ក៏​មិន​អី​ដែរ ខ្ញុំ​គោរព​ការ​សំរេច​ចិត្ត​របស់​គាត់​”​។

​​ត្រូវ​បាន​គេ​សួរ​ថា​ នឹក Messi ​រឺ​អត់ កីឡាករ​វ័យ 33ឆ្នាំ Ronaldo ឆ្លើយ​ថា “​ទេ​ខ្ញុំ​មិន​នឹក​គាត់​ទេ ប្រហែល​គាត់​ទេ​ដែល​នឹក​ខ្ញុំ … ខ្ញុំ​ធ្លាប់​លេង​បាល់ទាត់​នៅ​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី និង​ព័រទុយហ្កាល់ ខណៈ​គាត់​លេង​តែ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​…… គាត់​ជា​មនុស្ស​ល្អ ខ្ញុំ​ចូល​លេង​បាល់​ប្រកួត​ជាមួយ​គាត់ ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​លំបាក ចូលចិត្ត​ប្រកួត​ប្រជែង មិន​ចេះ​រស់​នៅ​កន្លែង​សុខ​ស្រួល​យូរ​ទេ​”​។​ ​រំលឹក​ថា Ronaldo បាន​ចំណាយ​ពេល 9រដូវ​កាល​ជាមួយ Real Madrid ផ្ទេរ​ពី Manchester United នៅ​ឆ្នាំ 2009 ខណៈ​ Messi​ ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​អាជីព​បាល់ទាត់​របស់​ខ្លួន​ នៅតែ​ជាមួយ Barcelona

អត្ថបទ​៖​នាង សុភា​វុ​ធ