សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​បន្ត​ពិភាក្សា​ដំណើរការ​សម្ពោធ​វិមាន ឈ្នះ​ឈ្នះ

106

ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ជា​ប្រធាន​ គណៈកម្មការ​អន្តរក្រសួង​ នៅ​ព្រឹក​ថ្ងៃទី​១២​ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ ​បាន​នឹង​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​បន្ត​ពិភាក្សា​អំពី​ផែនការ​ឧបសម្ព័ន្ធ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ​ក្នុង​ពិធី​សម្ពោធ​វិមាន អនុស្សាវរីយ៍ ​នយោបាយ​ ឈ្នះ ឈ្នះ​ និង អបអរសាទរ​ខួប​លើក​ទី​២០ ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ កម្ពុជា ​និង​ការអនុវត្ត​ដោយ​ជោគជ័យ​នយោបាយ​ឈ្នះ ឈ្នះ ​របស់​សម្ដេច ​តេ​ជោ ​ហ៊ុន សែន (១៩៩៨២០១៨)​

កិច្ចប្រជុំ​នេះ ​គឺ​បាន​ប្រព្រឹត្ត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ ខណៈ​កម្មវិធី​នេះ ​នៅ​សល់តែ​១៧​ថ្ងៃ​ទៀត​ នឹង​ត្រូវ​ប្រារព្ធ​ជា​ផ្លូវការ​ហើយ​នោះ​។ ​ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​លើក​ឡើងថា​ កម្មវិធី​សម្ពោធ​នេះ ​គឺ​នៅ​សល់តែ​ជាង​១០​ថ្ងៃ​ទៀត​ទេ ​ដូច្នេះ​ ក្រុមការងារ​ត្រូវ​ត្រៀម​រៀបចំ​ឲ្យ​បាន​គ្រប់​ផ្នែក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មវិធី​សម្ពោធ​វិមាន​ ឈ្នះ​ឈ្នះ​ និង​អបអរ​សាទរ​លើក​ទី​២០​ នៃ​ទិវា​នយោបាយ​ឈ្នះ​ ឈ្នះ​ឲ្យ​មាន​ភាព​អធិក អធម្ម​បំផុត​។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​បន្ថែមទៀតថា ​វិមាន ឈ្នះ​ឈ្នះ​នេះ​នឹង​ក្លាយ​ជា​សារៈមន្ទីរ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​វិមាន​នេះ​ក៏​បង្កប់​​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រហូតដល់​សព្វថ្ងៃនេះ​ផងដែរ​។ ​ដូច្នេះ​ក្រុមការងារ​គណៈ​ កម្ម​ការដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពន្លឿន​ធ្វើ​យ៉ាងណា​ឲ្យ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ ភាពរលូន​​និង​សប្បាយរីករាយ​បំផុត​។​

សូម​រំលឹកថា វិមាន​ឈ្នះ​ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ទំហំ​ដី​៨​ហិកតា​ ស្ថិតនៅ​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​។ វិមាន​នេះ ​តំណាង​ឲ្យ​វរៈ​ភាព​របស់​សម​មិត្ត​ហ៊ុន សែន ​ដែល​ហ៊ាន​ប្រថុយ​ជីវិត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ស្នើសុំ​កម្លាំង​ភាគី​វៀតណាម​ជួយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ​ បាន​បញ្ជាក់ថា​ រូបចម្លាក់​ដែល​ឆ្លាក់​ជុំវិញ​វិមាន​នេះ​មាន​ដូចជា​សត្វ​ដំរី​. នាគ​. ហង្ស​.​គ្រុឌ​.​តោ និង​សត្វ​ជាច្រើន​ទៀត​រាប់​រយ​ផ្ទាំង​ហើយ​រូប​សត្វ​ទាំងនោះ ​គឺ​សុទ្ធតែ​ឆ្លាក់​មាន​ស្លាប​ តំណាង​ឲ្យ​សត្វ​ទិព្យ ​ដូច​រូបចម្លាក់​នៅ​ព័ទ្ធជុំវិញ​នៃ​ប្រសាទ​សំបូរ​ព្រៃ គុក​​យ៉ាង​ដូច្នេះ​ដែរ​៕