UN ​នឹង​វិភាជន៍​ថវិកា​ជិត​៥៧៨​លាន​ដុល្លារ ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា

93

ភ្នំពេញ ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា ​CDC​ កាលពី​ថ្ងៃទី​១២ ខែធ្នូ ​បានឱ្យដឹងថា​ អង្គការ​សហប្រជាជាតិ​ UN ​បាន​សន្យាថា​ នឹង​វិភាជន៍​ថវិកា​ប្រមាណ​៥៧៧.៦​លាន​ដុល្លារ​​អាមេរិក ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សាធារណៈ​នៅ​កម្ពុជា រយៈពេល​៤​ឆ្នាំ​ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣​។

ថវិកា​ប្រមាណ​ជិត​៥៧៨​លាន​ដុល្លារ​នេះ នឹង​ផ្តល់​មក​កម្ពុជា​ សម្រាប់​ការ​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​សាធារណៈ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ​ហើយ​ការផ្តល់​នេះ ​មាន​រយៈពេល​៤​ឆ្នាំ​គឺ​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣​ ដោយ​ក្នុង​មួយ​១​ឆ្នាំៗ​ អង្គការសហប្រជាជាតិ​ នឹង​ទម្លាក់​ថវិកា​ប្រមាណ​១១៥​លាន​ដុល្លារ​មកឱ្យ​កម្ពុជា​។

ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ​ទទួលបន្ទុក​អគ្គលេខា​ធិ​ការ​គណៈកម្មា​ធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បា​ថ្លែងថា ​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​នេះ ​បន្ទាប់ពី​កម្ពុជា​ដាក់​ឯកសារ​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នៅ​ចុងខែ​មករា​ឆ្នាំ​២០១៩​ខាងមុខ​។

បើតាម​ឯកឧត្តម ឈៀង យ៉ាណា​រ៉ា ជំនួយ​នេះ នឹងធ្វើ​ការអភិវឌ្ឍន៍​វិស័យ​អាទិភាព​ចំនួន​៥ រួមមាន​៖ ១. ការអភិវឌ្ឍន៍​វិស័យ​សង្គម ​សេដ្ឋកិច្ច​តាមរយៈ​ការពង្រីក​សេវាសាធារណៈ ២. ​ការពង្រីក​ឱកាស​ការងារ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា ​៣. កិច្ចការពារ​អភិវឌ្ឍន៍​បរិស្ថាន និង​តុល្យភាព​អេកូឡូស៊ី ៤. ការ​ពង្រឹង ប្រព័ន្ធ​តម្លាភាព និង​គណនេយ្យភាព​សម្រាប់​វិស័យ​យុត្តិធម៌ ​និង​អភិបាលកិច្ច ទី​៥ ការគ្រប់គ្រង​នគរូបណីយកម្ម​។

សូមបញ្ជាក់ថា កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩២ រហូតមកដល់​ឆ្នាំ​២០១៨​នេះ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បាន​ផ្តល់​ហិរញ្ញប្បទាន​មក​កម្ពុជា មាន​ប្រមាណ​ជាង ​១​ពាន់​២​លាន​ដុល្លារ​​អា​មេ​រិក ​ស្នើ​នឹង​៦.% នៃ​ទំហំ​ហិរញ្ញប្បទាន​សរុប​ដែល ​UN​ ផ្តល់​បណ្តា​ប្រទេស​ដៃគូ​អភិវឌ្ឍ​ទាំងអស់​។ ​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៨​នេះ ប្រព័ន្ធ​UN ​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​មក​កម្ពុ​ជា​ មាន​ប្រមាណ​៥៧​លាន​ដុល្លារ ​​អា​មេ​រិក ថយចុះ​បន្តិច​បើ​ប្រៀបធៀប ​នឹង​ឆ្នាំ​២០១៧​កន្លងទៅ​៕