ជំរឿន​ប្រជាជន​នឹង​ចាប់​ផ្ដើម​ធ្វើ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១​ ខែ​មករា​ ឆ្នាំ​២0១៩​

243

ភ្នំពេញ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ស្នើ​ឲ្យ​មន្ត្រី​ដែល​ចុះ​ជំរឿន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ​ត្រូវ​កត់ត្រា​អំពី មុខរបរ ឋានៈ តួនាទី និង​កម្រិត​វប្បធម៌​រ​បស់​បុគ្គល ចូល​ទៅ​ក្នុង​តារាង​បញ្ជី​ស្ថិតិ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​រក្សា​បាន​នូវ​ធនធានមនុស្ស​ពិត​ប្រាកដ និង​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់​ប្រកបដោយ​ជោគជ័យ។

ការ​ស្នើ​សុំ​បែបនេះ ខណៈ​ដែល​ឯកឧត្ដម ឃួ​ង ស្រេង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​ថ្នាក់​រាជធានី​-​ខណ្ឌ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​លោកជំទាវ ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ​។​ ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ការងារ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ គឺជា​ការងារ​អព្យាក្រឹត្យមិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ ពន្ធដារ ដីធ្លី ឬ​អន្តោប្រវេសន៍​នោះ​ឡើយ​។ ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជននៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ចំនួន​ ៣​លើក​រួច​មក​ហើយគឺ​លើក​ទី​១ ​នៅ​ឆ្នាំ​១៩៦២ និង​ត្រូវ​បាន​ខកខាន​អស់​រយៈពេល ​៣៦​ឆ្នាំបណ្ដាល​មក​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​។ លើក​ទី​២ នៅ​ឆ្នាំ​១៩៩៨ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០០៨​។ ដូច្នេះ​ដើម្បី​ចូលរួម​អនុវត្តការងារ​ជំរឿន​ទូទៅ ​របស់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព អភិបាលខណ្ឌ និង​មន្ត្រី​បំពេញការងារ​ទាក់ទង​នឹង​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​តាម​ផែនការ​សកម្ម​ភាព​ដែល​បាន​គ្រោងទុក​ ប្រកបដោយ​គុណភាព​ទទួល​បាន​ជោគជ័យ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចំណាយ​ថវិកា​របស់​ជាតិ​។​

លោកជំទាវ ហង់ លី​ណា អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ​បាន​លើក​ឡើង​ថា ការ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩​ នេះ ការ​ចំណាយគឺ​បាន​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង ដូច្នេះ​ដើម្បី​ឲ្យ​ការងារជំរឿន​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព វិទ្យាស្ថាន​ជាតិ​ស្ថិតិ​សុំ​ឲ្យ​អភិបាល​រាជធានី និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ជួយ​ជំរុញ​នៅ​ក្នុង​កិច្ច​ការងារ​នេះ ដើម្បី​ឲ្យ​ការ​ជំរឿន​ប្រជាជន​នៅ​រាជធានី​ភ្នំពេញបាន​ជោគជ័យ មាន​ភាព​ច្បាស់​លាស់ ទទួល​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ និង​មាន​គុណភាព​ខ្ពស់​។​ សូម​បញ្ជាក់​ថា ការអនុវត្ត​ការងារ​ជំរឿន​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ ហើយ​ជំរឿន​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​នេះ​ មាន​មន្ត្រី​ជំរឿន​ចំនួន ៥០៥៩​នាក់​៕