Liverpool ជួប Bayern Munich ខណៈ Manchester United ជួប PSG ក្នុង​វគ្គ 16ក្រុម UEFA Champions League

244

បាល់ទាត់៖ ​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ UEFA Champions League ខណៈ​បិសាច​ក្រហម Manchester United ត្រូវ​ជួប​ជាមួយ​ក្រុម​អ្នកមាន​បារាំង Paris Saint Germain​

​​ការ​ចាប់​ឆ្នោត​បែងចែក​គូប្រកួត​ត្រូវ​បាន​ធ្វើឡើង​ម្សិល​ម៉ិ​ញ​ នៅ​ទីស្នាក់ការ​កណ្ដាល​របស់ UEFA ប្រទេស​ស្វ៊ី​ស​។​ ​លទ្ធផល​ចាប់ឆ្នោត​ផ្សេងទៀត​មាន​ជើងឯក Premier League, Manchester City ត្រូវ​ជួប​ជាមួយ​ក្រុម​អាល្លឺម៉ង់ Schalke 04 ខណៈ​ក្រុម​អង់គ្លេស​មួយទៀត Tottenham Hotspur ត្រូវ​ជួប​ក្រុម​អាល្លឺម៉ង់​ដែរ​គឺ Borussia Dortmund ដែល​កំពុង​មាន​ទំរង់​លេង​ល្អ​រដូវ​កាល​នេះ នាំមុខ​ដាច់ 9ពិន្ទុ​នៅ Bundesliga​។​ ​រីឯ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ហូ​ឡង់ Ajax Amsterdam ដែល​ឈាន​ឡើង​វគ្គ 16ក្រុម​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ2006 ខណៈ​ក្រុម Cristiano Ronaldo ត្រូវ​វិល​ទៅ​ទឹកដី Madrid សាជាថ្មី ក្រោយ Juventus​ ត្រូវ​ជួប​ជាមួយ Atletico Madrid​។​ ​ចំណែក​ឯ Barcelona នឹង​ត្រូវ​ជួប​ក្រុម​បារាំង Lyon និង​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំមុន AS Roma ត្រូវ​ជួប​ជើង​ឯក​ព័រទុយហ្កាល់ FC Porto​។​ ​ជើង​ទី​មួយ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​12-13 និង 19-20 ខែ​កុម្ភៈ ខណៈ​ជើង​ទី​ពីរ​ថ្ងៃ​ទី5-6 និង 12-13 ខែ​មិនា​ឆ្នាំ​ក្រោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ