សាលី អ៊ូ​មើ​ត ស្នើ​ក្រសួង​អប់រំ និង NOCC ជួយ​រៀបចំ​ជើងឯក​ពិភពលោក​នៅ​កម្ពុជា

294

ម៉ូតូ​ទឹក៖ ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី Asian Games សាលី អ៊ូ​មើ​ត បាន​ធ្វើ​ការ​ស្នើ​សុំ​ទៅកាន់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) នឹង​ជួយ​រៀបចំ​ឲ្យ​មានការ​ប្រកួត​កម្រិត​ពិភពលោក​មួយនៅ​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​កីឡាករ​ជើង​ខ្លាំង​ៗ​ជុំវិញ​ពិភពលោក​មក​ចូលរួម និង​ទាក់​ទាញ​ទេសចរណ៍​ផង​ដែរ​។ នេះ​បើ​តាម​ការ​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ អ៊ូ​មើ​ត ឈ្នះ​ជើងឯក​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​កោះកុង​កាលពី​ថ្មីៗ។

ការ​ស្នើ​របស់​កីឡាករទើប​ឈ្នះ​ជើងឯក​ពានរង្វាន់ King Cup-Jet Ski World Cup នៅ​ថៃ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​ជើងឯក​ពិភពលោក​ជាច្រើន​នេះ ដោយសារ សាលី អ៊ូ​មើ​ត ផ្អែកលើ​កត្តា ២​យ៉ាង ទី​១-​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​មិន​ទាន់​មាន​បទពិសោធន៍ បច្ចេកទេស និង​ខ្វះខាត​ធនធាន​ក្នុង​ការ​រៀប​ចំ​នៅឡើយ។ ទី​២-​កម្ពុ​ជា​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាតគឺ​ស្អាត​ជាង​ឆ្នេរ​នៅ​ថៃ​ទៅទៀត ដែល​អំណោយ​ផល​ក្នុង​ការ​រៀបចំ និង​ទាក់ទាញ​ការចូលរួម​កាន់​តែ​ច្រើន។​ ដោយ​ហេតុ​នេះ សាលី អ៊ូ​មើ​ត រំពឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​ជួយ​សម្រេច​បំណង​របស់​ខ្លួន ដែល​ចង់​ឲ្យ​មានការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​លើ​ទឹកដី​កម្ពុជា ដោយ​អញ្ជើញ​កីឡាករ​ជើង​ខ្លាំង​ៗ​នៅ​អឺរ៉ុប អាមេរិក និង​កីឡាករ​ជុំវិញ​ពិភព​លោក​មក​ចូលរួម ពិសេស​គឺ​កីឡាករ​មាន​ស្រុក​កំណើត​ពី​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ ​ចង់​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​មាស​ជើងឯក​ពិភពលោក​ជូន​ជាតិ នៅ​លើ​ទឹកដី​កម្ពុជា​ផ្ទាល់​តែម្ដង៕

អត្ថបទ៖ លី ឈុន​ឡា