ពលរដ្ឋ​ស៊ី​រី​បង្ហាញ​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ជុំវិញ​ការ​ដក​កង​ទ័ព​របស់​សហរដ្ឋអាមេរិក

291

ស៊ីរី៖ ពលរដ្ឋ​ស៊ី​រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អំពី​ភាព​មិន​ស្រួល​ក្នុង​ចិត្ត​របស់​ពួកគេ​លើ​ផែនការ​របស់​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​បញ្ចប់​យុទ្ធនាការ​តាម​អាកាស​របស់​ខ្លួន ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ នៅ​ពេល​ដែល​អាមេរិក​ដក​កងទ័ព​ចេញ​ជា​ការ​សម្រេចចិត្ត​ភ្លាមៗ​មួយ ​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​ដែល​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ​ក៏ដូចជា​ក្រុម​ដៃគូ​ប្រយុទ្ធ​ឃើ​ត​របស់ទីក្រុងវ៉ាស៊ីនតោន​។

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ហៅ​កាត់​ថា ​(SDF) ដែលបាន​កំពុង​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម ដោយមាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​រយៈ​ពេល ​៣​ឆ្នាំ​មកនេះបាន​និយាយ​ថា ការ​ដក​កងទ័ព​រប​ស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធមាន​ពេល​ដកដង្ហើម ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​គ្នា​ឡើងវិញ​ នៅ​ដំណាក់កាល​ដ៏​គ្រោះថ្នាក់​មួយ​ក្នុង​ជម្លោះ​នេះ ​ហើយ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ស៊ី​រីនៅ​ជាប់​គាំង​ រវាង​ក្រញាំ​នៃ​ភាគី​ជម្លោះ​ទាំងអស់ដែល​កំពុង​ប្រយុទ្ធ​គ្នា​ដណ្ដើម​ទឹកដី ក្នុង​សង្គ្រាម​ដែល​មាន​រយៈពេល ​៧​ឆ្នាំ។​ ក្រុម​ឃើ​ត​ស៊ី​រី​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិតនៅ​ក្នុង​ចំណោម​អ្នកឈ្នះ​ដ៏​ធំ​បំផុត​នៃ​សង្គ្រាម​ស៊ី​រី ពេលនេះ​ប្រឈម​នឹង​ការបាត់បង់​ដ៏​ធំ ដោយសារ​ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិកដក​កងកម្លាំង ដែល​កំពុង​ប្រយុទ្ធ​បណ្ដេញ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅឡើយ​។

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ (SDF) ដែល​គាំទ្រ​ដោយ​កងទ័ព​អាមេរិក​ប្រហែល 2000នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​យុទ្ធនាការ​មួយ​ ដើម្បី​ដណ្ដើមយក​មកវិញ​នូវ​តំបន់​នានា ដែល​ត្រូវ​បាន​ដណ្ដើមយក​ទៅ​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​។ ប៉ុន្តែ​ពួកគេ​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង ​នៃ​ការ​លុកលុយ​ដោយ​យោធា​ពី​សំណាក់​ទួរគី​ដោយ​ចាត់​ទុក​ពួក​យុទ្ធជន YPG ឃើ​តថា ​បាន​បង្កើត​កម្លាំង​នេះ​ទៅ​ជា​ក្រុម​ភេរវកម្ម​ ហើយ​កង​កម្លាំង​ស៊ី​រី​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​ និង​អ៊ីរ៉ង់​ បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ការគ្រប់គ្រង​ប្រទេស​ទាំងមូល ​របស់​ប្រធានាធិបតី Bashar al-Assad

អត្ថបទ៖ សុខ​មាន