តំណាង ADB៖ ដើម្បី​បន្ត​កំណើន​ខ្ពស់​រដ្ឋាភិបាល​គួរ​ស្វែងរក និង​ផ្ដល់​គុណ​តម្លៃ​បន្ថែម​លើ​ផលិត​ផល​សម្រេច​ណា​មួយ ដើម្បី​ឈាន​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​​​

121

ភ្នំពេញ៖ លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​លើក​ទី​៥ ស្ដីពី​ការពង្រីក​ប្រភព​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា ការ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា គឺ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ តាមរយៈ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ចជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ហើយ​អាច​ចាត់​ទុកជា​ប្រទេស​គំរូ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ទទួល​បាន​កំណើន​មួយ​យ៉ាង​ល្អ​ប្រសើរ ហើយ​កម្ពុជា​ក៏​មានដៃគូ​វិនិយោគ​ជាច្រើន​ផង​ដែរ ខណៈ​ដែល​កម្ពុ​ជា​មាន​យុវជន​វ័យក្មេង​ជាច្រើន បាន​ចូលរួម​បង្កើន​ដល់​សេដ្ឋកិច្ច ជាពិសេស​ប្រទេស​កម្ពុជា​បាន​បើកចំហ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ ក្នុង​គោលដៅ​ធ្វើការ​រួមគ្នា​ផង​ដែរ។

លោកស្រី​បន្ត​ថា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​កម្ពុ​ជា​មាន​វិស័យ​ជាច្រើន បាន​ចូលរួម​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ ដែល​ធ្វើ​ឲ្យ​ផលិតផល​សរុប​របស់​កម្ពុជា​អាច​រក្សា​កំណើន​ក្នុង​រង្វង់ ៧% ក្នុង​នោះ​ដើម្បី​បន្ត​កំណើន​សេដ្ឋកិច្ច​ខ្ពស់ រាជរដ្ឋាភិបាល​គួរ​ស្វែងរក​អ្វី​ដែល​ជា​ផលិតផល ​ពិសេស​មួយ​ណា​សម្រាប់​កម្ពុ​ជា និង​ត្រូវ​ជំរុញ​ឲ្យ​ប្រជាជន​បង្កើត ឬ​ផ្ដល់​នូវ​គុណ​តម្លៃ​បន្ថែម​ទៅលើ​ផលិតផល​សម្រេច​របស់​ខ្លួន នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការប្រកួតប្រជែង​ នៅ​លើ​ឆាក​ទីផ្សារ​អន្តរជាតិ ក្នុង​នោះកម្ពុជា​ក៏​ត្រូវ​សម្លឹង​មើល​ទៅ​អនាគត​ផង​ដែរ ​នូវ​អ្វី​ដែល​ត្រូវ​បន្ត​អនុវត្តន៍​។​

នៅ​ក្នុង​ពិធី​នេះ​ដែរ លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា ការដែល​ធនាគារ​ជាតិ​នៃ​កម្ពុជាបាន​លើក​យក​ នូវ​ប្រធានបទស្ដីពី​ការពង្រីក​ប្រភព​កំណើន​សេដ្ឋកិច្ច​កម្ពុជា គឺ​មាន​គោលបំណងបង្កើន​ការស្រាវជ្រាវ និង​ការវិភាគ​លើ​សក្ដានុពល​សេដ្ឋកិច្ច ដែល​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ក្នុង​នោះ​ការពង្រីក​ប្រភព​កំណើន​សេដ្ឋកិច្ច​កម្ពុជា ជា​កត្តា​ចាំបាច់​ក្នុង​ការ​កាត់បន្ថយ​ភាព​ងាយ​រង​ផល​ប៉ះ​ពាល់ ដើម្បី​ធានា​កំណើន​ប្រកបដោយ​ភាព​រឹង​មាំ ជាក់ស្ដែង​នៅ​ក្នុង​សិក្ខាសាលា​នេះ គឺ​បាន​ធ្វើ​ការ​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​នៅ​លើ​វិស័យ​ ៣​ទៀត គឺ​ការ​ជំរុញ​វិស័យ​កសិកម្ម, ការប្រើប្រាស់​សក្ដានុពល​ទេសចរណ៍ និង​ការប្រើប្រាស់​កម្លាំង​ពលកម្ម ​សម្រាប់​ពេល​អនាគត​ផង​ដែរ៕

អត្ថបទ៖ ស៊ុន រ៉ាឌី