ទូត​ចិន​ថា ប្រទេស​លោកខាងលិច​តែងតែ​ព្យាយាម​ធ្វើឱ្យ​ល្អក់កករ​ទំនាក់ទំនង​កម្ពុជា​-​ចិន

284

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា ប្រទេស​លោកខាងលិច តែងតែ​ព្យាយាម​យក​រឿង​តូចតាច​មក​លាប​ពណ៌ និង​បំប៉ោង​ធ្វើជា​រឿង​ធំ ក្នុង​បំណង​ធ្វើ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​។ ប៉ុន្តែ​ រឿងរ៉ាវ​នោះ ត្រូវបាន​កម្ពុជា​និង​ចិន រួមគ្នា​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​​ឯកឧត្តម កេ​ត សុផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា ឯកឧត្តម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៥ ខែធ្នូ នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ថា កម្ពុជា​ផ្តល់​ទីតាំង​សម្រាប់​កងទ័ព​របស់​ចិន ក៏ដូចជា​បញ្ហា​របស់​ជ​ន​ជាតិចិន នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាដើម ត្រូវបាន​ចាត់ទុកជា​ព័ត៌មាន​មួយ​បង្ក​ជា​បញ្ហា​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​។​

ឯកឧត្តម បាន​បញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង វិ​ន​ធៀន បានចាត់ទុក​ព័ត៌មាន​ទាំងអស់នេះ គឺជា​ចេតនា​មិនល្អ​មួយ របស់​បណ្តា​ប្រទេស ដែល​ចង់​បំផ្លាញ​ទំនាក់ទំនង​កម្ពុជា និង​ចិន​។​

​​ឯកឧត្តម បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា ក្នុងជំនួប​នោះ ការពិភាក្សា​គឺ​ផ្ដោតលើ​ការងារ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៅ​។​

ឯកឧត្តម កេ​ត សុផាន់ បានឱ្យដឹង​ដែរ​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងជំនួប​នោះ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​។ ជំនួយ​ទាំងនេះ បានធ្វើ​ឲ្យ​កម្ពុ​ជាមាន​ឯករាជ្យ និង​អធិបតេយ្យ​ពេញលេញ ក្នុងការ​បំពេញការងា​រ​របស់ខ្លួន​៕​