រដ្ឋសភា ពិនិត្យ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

114

ភ្នំពេញ ៖ ​សំណើសុំ​អនុម័ត​សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម​ច្បាប់ ស្តីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ស្នើ​ឡើង​ដោយ​សមាជិក​រដ្ឋសភា ត្រូវ​បាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​លើក យក​ពិនិត្យ និង​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ ​នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ នេះ​។

ឯកឧត្តម ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​ បានឱ្យដឹង​ក្រោយ​កិច្ចប្រជុំ​ថា​ នា​រយៈពេល​ចុងក្រោយ​នេះ ​មានច្បាប់​មួយចំនួន​ ត្រូវបានធ្វើ​វិសោធនកម្ម​ជា​បន្តបន្ទាប់ ក្នុងន័យ​ជាការ​កែ លម្អ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ ហើយ​នៅថ្ងៃនេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​លើក យក​សំណើសុំ​អនុម័ត​សេចក្តីស្នើច្បាប់​ថ្មី​មួយទៀត ​គឺ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ស្នើ​ឡើង​ដោយ​សមាជិក​រដ្ឋសភា មក​ពិនិត្យ ​និង​ត្រូវ​ដាក់ជូន​គណៈកម្មការ​ជំនាញ​ពិនិត្យ ​និង​សម្រេច ថា​ត្រូវធ្វើ​វិសោធនកម្ម ឬក៏​អត់ បើ​គណៈកម្មការ​ជំនាញ​សម្រេច​ថា ត្រូវ​ធ្វើ​វិសោធនកម្ម​នោះ ច្បាប់​មួយ​នេះ នឹងត្រូវ​ដាក់ជូន​សម័យ​ប្រជុំ​រដ្ឋសភា​ពេញអង្គ នាពេល​ខាងមុខ ធ្វើ​វិសោធនកម្ម​ទៅតាម​ការ ស្នើសុំ​។

សមាជិក​រដ្ឋសភា ចំនួន​៥៩​រូប ដែល​មាន​ឯកឧត្តម ជាម យៀប និង​ឯកឧត្តម ហ៊ុន ​ណេង​ ជា​តំណាង​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី ​បាន​ស្នើសុំ​រដ្ឋសភា​ ដើម្បី​ពិនិត្យ​សំណើសុំ​អនុម័ត​សេចក្តី​ស្នើច្បាប់​ ស្តីពី វិសោធនកម្ម​ច្បាប់ ​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ នេះ​ឡើង​ ក្នុងន័យ​ធ្វើ​ឲ្យ ច្បាប់​មួយ​នេះ​មាន​លក្ខណៈ​កាន់តែ​សមស្រប​ទៅ​ នឹង​កាលៈទេសៈ​កម្ពុជា​នាពេល​បច្ចុប្បន្ន​៕