វិសាខា​មានកម្ម​វិធី​ក្នុងស្រុក​ចំនួន ២ មុន​ចេញទៅ​បោះ​ជំរំ​នៅ​ថៃ​ជិត​កន្លះ​ខែ​

424

បាល់ទាត់៖ ក្លឹប​បាល់ទាត់​វិសាខា បាន​ប្រកាស​រៀបចំ​កម្ម​វិធី​ក្នុងស្រុក​ចំនួន មុន​ចាក​ចេញទៅ​ប្រទេស​ថៃ ដើម្បី​បោះ​ជំរំ​ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី ស្រប​ពេល​កម្មវិធី​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក នឹង​ប្រើ​ពេលវេលា​រៀបចំ​ជាប់ៗ​គ្នា​តែម្ដង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​របស់​ក្លឹប​បាល់ទាត់​វិសាខា។

លោក ហុក សុចិ​ត្រា បាន​ឲ្យ​ដឹង​ថា ចំពោះ​កម្មវិធី​ក្នុងស្រុក​រួមមាន​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា​នេះ ក្លឹប​នឹង​រៀបចំ​កម្មវិធី “​សប្បុរសធម៌ ស្ដីពី​កីឡាបាល់ទាត់​” នៅ​ខេត្ត​ព្រៃវែង​ ដែល​នឹង​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្លឹប និង​អាជ្ញា​ធរ​ខេត្ត រួម​ទាំង​កុមារ​-​ក្មេងៗ​ជាង ១៥០​នាក់។ បន្ទាប់មក​សមាជិក​ក្រុម​លេខ​៣ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០១៨ នឹង​បន្ដ​ដំណើរ​ទៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើការ​ប្រកួត​លក្ខណៈ​មិត្តភាព និង​ចែករំលែក​បទពិសោធន៍​ជាមួយ​ក្រុម​មិន​អាជីព​មួយ ​នា​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៩។ ក្រោយ​ចប់​ការប្រកួត​នៅ​ក្រុង​ប៉ោយប៉ែត ក្លឹប​បាល់ទាត់​វិសាខា​នឹង​បន្ដ​ដំណើរ​ចូល​ទឹកដី​ថៃ​តែម្ដង ដើម្បី​បោះជំរំ​ហ្វឹកហាត់ ហើយ​តាម​គម្រោង​ពួកគេក៏​នឹង​មាន ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន​នៅ​ទីនោះ​ផង​ដែរ ដើម្បី​ពង្រឹង​សមត្ថភាព​កូន​ក្រុម​ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី ទាំង​ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩។ បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក ហុក សុចិ​ត្រា ក្លឹប​វិសាខាចំណាយ​ពេល​លើទឹក​ដី​ថៃ ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ទើប​ត្រឡប់​មក​មាតុភូមិ​វិញ។​

គួរ​បញ្ជាក់​ថា នេះ​គឺជា​ការ​បោះ​ជំរំ​ហ្វឹកហាត់​ក្រៅ​ស្រុក​លើកដំបូង សម្រាប់​ដើម​ឆ្នាំ​២០១៩ របស់​ក្លឹប​បាល់ទាត់​វិសាខា បន្ទាប់ពី​ក្លឹប​ក្មេងខ្ចីតែ​មាន​សក្ដានុពល​មួយ​នេះ បាន​នាំចូល​កីឡាករ​ក្នុងស្រុក​ចំនួន ១២​នាក់​កាល​ពី​ពេល​ថ្មីៗ ដើម្បី​ពង្រឹង​ក្រុម​ឲ្យ​កាន់តែ​រឹងមាំសម្រាប់​ត្រៀម​រដូវ​កាល​ថ្មី។ តែ​យ៉ាងណា​រហូត​មក​ទល់​ពេលនេះ វិសាខា​នៅ​មិនទាន់​បង្ហាញ​វត្តមាន​កីឡាករ​បរទេស​នោះ​ទេ ស្រប​ពេល​​កីឡាករ​កូរ៉េខាងជើង ៥​រូប​ដែល​បាន​ជួយ​ក្លឹប​កាលពី​រដូវ​កាល​មុន កំពុង​វិសម​កាល​នៅ​ស្រុក​កំណើត​របស់​ខ្លួន​នៅឡើយ៕

អត្ថបទ៖ លី ឈុន​ឡា