មេដាយ​មាស​កម្រិត​អន្តរជាតិ​ ២១​គ្រឿងក្នុង​ឆ្នាំ​២០១៨ មិន​ទាន់​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ស្កប់​ចិត្ត​ឡើយ​

308

កីឡា​វ៉ូ​វី​ណា​ម៖ គិត​ត្រឹម​ក្នុង​ឆ្នាំ​២០១៨ ដែល​ទើបតែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ដឹកនាំ​ដោយឯកឧត្ដម​ឧកញ៉ា រ័ត្ន សា​ខន សហព័ន្ធ​បាន​ចូលរួម​ប្រកួតប្រជែង ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ធំ​ៗ​ចំនួន​៣ ដោយ​ក្នុង​នោះ​ដណ្ដើម​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ រួមមាន​មេដាយ​មាស ២១​គ្រឿង​, មេដាយ​ប្រាក់ ​២៤​គ្រឿង​ និង​មេដាយ​សំរឹទ្ធ​ ៣៧​គ្រឿង ខណៈ​ដែរ​សហព័ន្ធ​គិត​ថា នេះ​ជា​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​២០១៨ ប៉ុន្តែ​យ៉ាងណា​មិនទាន់​សមតា​ម​បំណង​របស់​សហព័ន្ធ​នៅឡើយ​ទេ​។

បើ​តាម​ប្រសាសន៍​របស់ លោក អ៊ូ រតនា អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចំពោះ​សមិទ្ធ​ផល​​ក្នុង​ឆ្នាំ​២០១៨ ​កន្លងទៅ យើង​អាច​ធ្វើ​បាន​ដោយសារ​តែ​មាន​ការ​សហកា​រ​គ្នា​ល្អ កីឡាករ​ខិតខំ​ហ្វឹកហាត់ មានការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​លើក​ទឹក​ចិត្ត​បន្ថែម​ពី​ថ្នាក់ដឹកនាំ​។ ជាពិសេស​សហព័ន្ធ​ទទួល​បាន​គ្រូ​បង្វឹក​ល្អ ជនជាតិ​វៀតណាម​ដែល​ជា​ម្ចាស់​ក្បាច់គុន ក្រោម​ការ​ជួយឧបត្ថម្ភ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​ លោក អ៊ូ រតនា បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៨ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​បញ្ជូន​កីឡាករ​ទៅ​ចូល​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ចំនួន​៣ ក្នុង​នោះ​មាន​៖ ព្រឹត្តិការណ៍ SEA Vovinam Championship Myanmar 2018 ដោយ​កីឡាករ​​ដណ្តើម​បាន​មេដាយមាស ៦​គ្រឿង​, ប្រាក់ ៨​គ្រឿង​ និង​មេដាយ​សំរឹទ្ធ ១៥​គ្រឿង​។​ ព្រឹត្តិការណ៍ The 4Th AVF Asian Vovinam Championship 2018 ធ្វើ​នៅ​កោះ​បាលីប្រទេស​ឥណ្ឌូនេស៊ី ដណ្ដើម​បាន​ឈ្នះ​មេដាយ​មាស​ ១១​គ្រឿង​, ប្រាក់ ​១១​គ្រឿង​ និង​សំរឹទ្ធ​ ១៤​គ្រឿង​។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៩ ធ្វើ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស ៤​គ្រឿង​, ប្រាក់ ៥​គ្រឿង​ និង​មេដាយ​សំរឹទ្ធ ៨​គ្រឿង​។​ អនុប្រធាន​ទី​១ នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ដ​ដែរ​បាន​បញ្ជាក់​ថា សមិទ្ធផល​ទាំងនេះ​គឺជា​ភាព​ជោគជ័យ​ គួរ​ឲ្យ​គត់​សម្គាល់​របស់​សហព័ន្ធ​។ ប៉ុន្តែ​មិន​ទាន់​សមតា​ម​បំណង​របស់​សហព័ន្ធ​នៅឡើយ​ទេ ហើយ​សហព័ន្ធ​មាន​គោលដៅ​ក្នុង​ការ​ដណ្ដើម ​យក​មេដាយ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​នានាឲ្យ​បាន​ច្រើនជាង​នេះ​ក្នុង​ឆ្នាំ​២០១៩ ខណៈ​ដែល​បច្ចុប្បន្ន​សហ​ព័ន្ធ​បាន​ផ្ដោត​សំខាន់​លើ​កីឡាករ​យុវជន ក្នុង​ការ​ជ្រើសរើស​កីឡាករ​ដែល​មាន​សមត្ថ​ភាព​ពិតៗ ហើយ​បញ្ចូល​ឲ្យ​ពួកគេ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​៕