ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​ ខេត្តកោះកុង​ ​កំពុង​រង​ឥទ្ធិពល​ព្យុះ ​ពី​ប្រទេស​ថៃ​ មិន​ធ្លាប់​មាន

348

កោះកុង​ ៖ ឥទ្ធិពល​ព្យុះ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ​កំពុង​ដាក់​សម្ពាធ​មក​លើ​តំបន់ឆ្នេរ​សមុទ្រ​ប៉ាក់​ខ្លង​ និង​លំនៅឋាន​ប្រជាពលរដ្ឋ​កម្ពុជា ​តាម​ដៃ​ព្រែក​សមុទ្រ​មួយ​ចំនួន​ផងដែរ​។​ បើតាម​អភិបាល​ស្រុក​មណ្ឌលសីមា​ ថ្លែងថា ​ទំហំ​នៃ​រលក​​បោកបក់​មក​លើ​ឆ្នេរសមុទ្រ ​និង​បង្ក​លិចលង់​ផ្ទះសំបែង​អាជីវករ​ គឺ​ពុំ​ធ្លាប់​កើតមាន​ពី​មុនមក​នោះទេ​។

តូប​លក់ដូរ​ និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ​នៅតាម​បណ្តា​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​ ខេត្តកោះកុង ​កំពុង​រង​នូវ​ផល​ប៉ះ​ខូចខាត​យ៉ាង​ដំណំ ​ពីព្រោះ​ជួប​សម្ពាធ​ឥទ្ធិពល​ព្យុះ​ទីហ្វុង​ ភាគ​ត្បូង​ប្រទេស​ថៃ ​ដែល​មាន​ឈ្មោះថា ទ្រី ប៉ា​ប៊ុ​ក ​(Ty Pabuk) ​ខណៈ​អាកាសធាតុ​មានតែ​ទំហំ​រលក​ធំៗ ​មាន​ល្បឿន​ខ្យល់​មធ្យម ​​មិន​មាន​ភ្លៀង​ធ្លាក់​នោះទេ​។

លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៥ ​ខែមករា ឆ្នាំ​២០១៩​ថា ពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ​និង​អ្នក​រស់នៅ​តាម​ដៃ​ព្រែក​មួយចំនួន​ បានចាប់ផ្តើម​ទទួលរង​ប៉ះពាល់​ជន​លិច​ផ្ទះ និង​ផ្លូវថ្នល់ ​តាំង​តែង​ពី​ម៉ោង​២​រំលង​អធ្រាត្រ​មកម្ល៉េះ​ ដោយ​ពុំមាន​ពលរដ្ឋ​ណា​ម្នាក់​ បាន​រងរបួស​ ឬ​ បាត់​បង់ជីវិត​ឡើយ​។ រីឯ​តួលេខ​ផល​ខូចខាត​សម្បត្តិ​ពលរដ្ឋ ​និង​រដ្ឋ មាន​ប៉ុន្មាន​នោះ ​គឺ​មិនទាន់​បូកសរុប​នៅឡើយ​។​

តែ​ទោះបីយ៉ាងណា ​លោក ​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​លក់ដូរ​នៅ​ឆ្នេរ​ប៉ាក់​ខ្លង​ ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ព្រែក​ដៃសមុទ្រ​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​ ចាំបាច់​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អាកាសធាតុ​ព្យុះ​នេះ​។ ​វិធានការ​សង្គ្រោះ​បន្ទាន់​ អាជ្ញាធរ​ក៏​សុំ​គោលការណ៍​ថ្នាក់​ខេត្ត​ ដើម្បី​​ជម្លៀស​ មនុស្ស ​និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៅ​ទីទួល​សុវត្ថិភាព​ផងដែរ​។

ជាបឋម អាជ្ញាធរ សមត្ថកិច្ច និង​សិស្សានុសិស្ស បាន​រើស​សម្អាត​ថ្ម​តូចធំ​ ដែល​ត្រូវ​រលក​ធំៗ​បោកបក់​ច្រោះ​សមុទ្រ​​រាយប៉ាយ​​តាម​ដងផ្លូវ​ក្រោម​មាត់សមុទ្រ​ចេញ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ធ្វើដំណើរ​ទៅមក​។ ​ហើយ​ហាមប្រាម​ដល់​រថយន្ត​ធុន​ធ្ងន់​បើកបរ​ឆ្លងកាត់​ជា​បណ្តុះ​អាសន្ន​សិន​។​

ដោយឡែក ​លោក ងួន ណា​រ៉េ​ន និង​អ្នកស្រី ម៉ន ស្រីមុំ ​ក្រុមអាជីវករ​លក់ដូ​រលើ​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង បាន​កត់​សម្គាល់ថា ​ជា​រៀងរាល់ឆ្នាំ​អោយ​តែ​ដល់​ខែមករា​ ឬ​ ខែកុម្ភៈ ​ទំហំ​ទឹកសមុទ្រ​ហក់​កើន​ឡើង ហើយ​ស្ងប់​ទៅវិញ​២​ទៅ​៣​ថ្ងៃ​។ ​ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ​ ខុស​ពី​ឆ្នាំ​សព្វមួយដង​ ពោល​គឺ​វា​ជន់ជោរ ​​ហក់​ឡើង​ខ្ពស់​ហួស​កម្រិត​ ទើប​ធ្វើឱ្យ​ពួកគាត់​រង​ផល​ខូចខាត​នូវ​តូប​ទទួល​ភ្ញៀវទេសចរ​អង្គុយ​ និង​សម្រាក​ពិសារ​អាហារ​អស់​ជាច្រើន​ខ្នង ​ព្រមទាំង​សម្ភារៈ​ផ្ទះបាយ​មួយ​ចំនួនធំ​ទៀត​។

ទាក់ទិន​នឹង​ការ​រង​ឥទ្ធិពល​ព្យុះ​ប្រទេស​ថៃ​នេះ ​ពលរដ្ឋ​អាជីវករ​ អះអាងថា​ ពួកគាត់​ពិត​ខាត​បង់​ថវិកា​ធំ​មែនទែន​ចំពោះ​បញ្ហា​គ្រោះធម្មជាតិ​ ពុំ​ធ្លាប់​ជួបប្រទះ​យ៉ាង​ដូច្នេះ ​តូប​នីមួយៗ​យ៉ាងហោចណាស់ ចំណាយ​ថវិកា​ពី​២០០ ​ទៅ​៣០០​ដុល្លារ​ សម្រាប់​ស្ថាបនា​ឡើង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។

ក្រសួង​ធនធានធម្មជាតិ និង​ឧតុនិយម​ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​ ប្រកាសថា ឥទ្ធិពល​ព្យុះ ប៉ា​ប៊ុ​ក ​(PABUK)​ នឹង​វិវត្តន៍​ខ្លួន​ក្លាយទៅជា​ព្យុះ​ទី​ហ្វុ​ង​ (TY PABUK) រួច​បន្ត​ដំណើរ​ទៅកាន់​ភាគ​ខាងត្បូង ប្រទេស​ថៃ ​ដែល​ជា​លក្ខណៈ​បែបនេះ ​អាចធ្វើ​ឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​កម្ពុជា​មួយ​ចំនួន មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។ ក្រសួង​ធនធានទឹក ​ ប្រកាសអាសន្ន​ដល់​ដល់​បងប្អូន​ប្រជា​នេសាទ ​អ្នកដំណើរ​តាម​សមុទ្រ ​ជាពិសេស​វីរ​កងទ័ព​ឈរជើង ​នៅតាម​បណ្តា​កោះ​នានា បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ ​ដែល​អាច​នឹង​បង្ក​ឲ្យ​កើតមាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​៕