លោក ត្រាំ៖ ការ​ចរចា​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​កំពុង​ដំណើរ​ការ​លើ​ទីតាំង​នៃ​កិច្ច​ប្រជុំ​កំពូល​បន្ទាប់​

212

អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ការ​ចរចា​កំពុង​ដំណើរ​កា​រលើ​ទីតាំង​នៃ​កិច្ចប្រជុំ​កំពូល​បន្ទាប់​របស់​លោក ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក ​គីម ​ជុង​អ៊ុន ​ខណៈ​ពេល​ដែល​កំពុង​ស្ថិត​នៅ​លើ​ការ​ផ្លាស់ប្ដូរ​ពេលវេលា​របស់​ខ្លួន​។

លោក ​ត្រាំ ដែល​បាន​រៀប​ចំ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរីកាលពី​ខែ​មិថុនា​ ឆ្នាំ២០១៨ កន្លងទៅបាន​ថ្លែង​នៅ​ដើម​សប្ដាហ៍​នេះ​ថា លោក​បាន​ទទួល​លិខិត​ដ៏​មាន​អត្ថន័យ​មួយពី​មេដឹកនាំ​កូរ៉េខាងជើង ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ខ្លឹមសារ​នៃ​លិខិត​នោះ​ទេ​។ ពួក​លោក​កំពុង​ចរចា​ពី​ទីតាំង ​លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​មុន​ពេល​ឡើង​ឧទ្ធម្ភាគចក្រ ​ទៅកាន់​ភូមិគ្រឹះ​លំហែ​កាយ​ប្រធានាធិបតីខេ​ម​ដេវីដ​នៃ​រដ្ឋ​ម៉ារីលែន​ ជា​កន្លែង​ដែល​លោក​បាន​និយាយ​ថា ​លោក​នឹង​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។​ លោក​បាននិយាយ​អំពីជំនួប​កំពូល​ជាមួយ​លោក​ គីម ថា ដំណឹង​ប្រហែលជា​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។​ ពួក​គេ​ចង់​ជួប ហើយ​ពួក​យើង​ក៏​ចង់​ជួប​ អញ្ចឹង​ពួក​យើង​នឹង​ចាំ​មើល​ថា ​មាន​អ្វី​កើតឡើង​។

លិខិត​ចុងក្រោយ​របស់​លោក ​គីម​ បាន​ផ្ញើ​មក​ បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​បាន​ព្រមាន ​នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ថា​ ក្រុង​ព្យុងយ៉ាង​អាច​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​របស់​ខ្លួន ​ចំពោះ​កិច្ចចរចា​នុយក្លេអ៊ែរ​ ប្រសិនបើ​វ៉ាស៊ីនតោន​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​ទៀត​នោះ។​ លោក ត្រាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ការ​ដាក់​ទណ្ឌ​កម្ម​នៅតែ​រក្សា​យ៉ាង​ពេញ​លេញ​ និង​មាន​ប្រសិទ្ធភាព ហើយ​នឹង​ធ្វើ​ដូច្នេះ​រហូតដល់​សហរដ្ឋ​អាមេរិក ​មើល​ឃើញ​លទ្ធផលវិជ្ជមាន។​ សហរដ្ឋ​អាមេរិកកំពុង​ដាក់​សម្ពាធ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ កម្ទេច​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​មុន​ពេល​បន្ធូរ​បន្ថយ​​សម្ពាធ​ខាង​សេដ្ឋកិច្ច​៕

អត្ថបទ៖ សុខ​មាន