មុខរបរ​ចិញ្ចឹម​មាន់​សាច់ ​និង​ភ្ញាស់​យក​កូន​លក់ ​អាច​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាកសិករ​មួយ​ចំណែក

115

ភ្នំពេញ ៖ ​មុខរបរ​ចិញ្ចឹម​មាន់​តាម​បច្ចេកទេស​ជា​លក្ខណៈ​គ្រួសារ ​នៅតែ​ជា​មុខរបរ​មួយ​ក្នុង​ការ​ផ្គត់ផ្គង់​ចំណូល ប្រចាំថ្ងៃ​ សម្រាប់​កសិករ​ ដែល​មុខរបរ​នេះ​ ប្រជាពលរដ្ឋ​ភាព​ភាគច្រើន ​មាន​ភាព​ជោគជ័យ ដោយ​ប្រើប្រាស់ ​ចំណី​ធម្មជាតិ​ ដើម្បី​ចិញ្ចឹម​មាន់​សាច់​លក់​ទៅកាន់​ទីផ្សារ​។

ប្រជាកសិករ​មួយ​យ​ចំនួន នៅក្នុង​ខេត្តកំពង់ធំ ​ក្រៅពី​មាន​របរ​ធ្វើស្រែ​ចម្ការ​ ក្នុង​រដូវប្រាំង ​និង​វស្សា តែងតែ​ប្រកបមុខរបរ​បន្ទាប់បន្សំ ​ដើម្បី​ជួយ​ស្វែងរក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ​ដូចជា ការ ចិញ្ចឹម​គោ ​ក្របី ​ជាពិសេស​ ការ​ចិញ្ចឹម​មាន់​ ដែល​បច្ចុប្បន្ន ​មាន​ស្ទើរតែ​គ្រប់​ក្រុមគ្រួសារ​។​

មុខរបរ​ចិញ្ចឹម​មាន់​យក​សាច់​ បច្ចុប្បន្ន ​ត្រូវបាន​ប្រជាកសិករ​ចិញ្ចឹម​តាម​លក្ខណៈ​បច្ចេកទេស ក្រោម ការ​បណ្តុះបណ្តាល​ដោយ​អង្គការ​ដៃគូរ ​និង​ក្រសួងកសិកម្ម ​ដែល​មន្ទីរ​កសិកម្ម គ្រប់​ខេត្ត ក្រុង បាន​ជួយ ប្រឹក្សា​រាល់ពេល​មាន​បញ្ហា​។

ប្រជាកសិករ ដែល​បាន​ប្រកបមុខរបរ​នេះ ​បាន​លើកឡើងថា ​មុខរបរ​ចិញ្ចឹម​មាន់​តាម​បច្ចេកទេស​នេះ គឺ​ទទួល​បាន​ភាព​ជោគជ័យ ​ដោយ​វា​អាច​ផ្តល់​ចំណូល ​បាន​គួរសម ​ប្រហែល​ពី​១​លាន​រៀល ​ទៅ​១​លាន​២ សែន​រៀល ក្នុង​មួយខែ ​ក្នុង​ចំនួន​មាន់​ចិញ្ចឹម​យក​ពង​សម្រាប់​ភ្ញាស់​យក​កូន​លក់ ​និង​ចិញ្ចឹម​យក​សាច់ ពី​៩០​ ក្បាល​ ទៅ​១០០​ក្បាល ​ដែល​បើ​គិត​ផល​ចំណេញ ​ប្រហែល​៥០​ម៉ឺន​រៀល​ ទៅ​៦០​ម៉ឺន​រៀល ក្នុង​មួយខែ​។

ក្រុម​កសិករ បាន​បញ្ជាក់ថា​ ការចិញ្ចឹម​មាន់ គឺ​ងាយស្រួល​ថែទាំ​ ចំណាយ​ពេល​វេលា​តិច​ ក្នុងការ មើលថែ​ ងាយស្រួល​លក់​ទៅកាន់​ទីផ្សារ​ ដោយមាន​អ្នក​មក​ទិញ​ដល់​កន្លែង​ចិញ្ចឹម ​ព្រមទាំង​បាន​ផ្តល់​ជា​ម្ហូប​ អាហារ​សម្រាប់​ក្នុង​គ្រួសារ​ផងដែរ ​ព្រមទាំង​បាន​ជួយ​ទ្រទ្រង់​ជីវភាព​ ផ្គត់ផ្គង់​ចំណូល​ប្រចាំថ្ងៃ និង​មិន​ចាំ បាច់​ចំណាកស្រុក​ទៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ ដើម្បី​ស្វែងរក​ចំណូល​បន្ថែម​នោះទេ​៕