ក្រុម​​អន្តោប្រវេសន៍​​ដែល​ជាប់​គាំង​នៅ​តាម​សមុទ្រ​​អស់​សង្ឃឹម​ចំពោះ​អនាគត​ក្នុង​ពេល​រង់​ចាំ​ការ​ផ្ដល់​​កំពង់ផែ​ចូល​ចត​នៅ​អឺរ៉ុប

119

អឺរ៉ុប៖ ជន​អន្តោប្រវេសន៍​​រាប់​សិប​នាក់ ​ក្នុង​នោះ​មាន​ទាំង​កុមារ ៥នាក់​ផង​​នៅ​តែ​ជាប់​​តាម​សមុទ្រ​​កាល​ពី​ថ្ងៃ​អង្គារ​​ ដែល​​គ្មាន​ប្រទេស​អឺរ៉ុប​ណា​មួយ​ផ្តល់​កំពង់ផែ​​​សុវត្ថិភាព។

ស៊ីវ៉ច ៣ ជា​នាវា​ដែល​ធ្វើ​ប្រតិបត្តិការ​​ ដោយ​ក្រុម​មនុស្ស​ធម៌​អាល្លឺម៉ង់​បាន​ស្រង់​​មនុស្ស ៣២នាក់​​ចេញ​ពី​ទូក​​គ្មាន​សុវត្ថិភាព​ ១គ្រឿង​​នៅ​តាម​ឆ្នេរ​សមុទ្រ​លីប៊ី​កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ​ឆ្នាំ​មុន ហើយ​នាវា​មនុស្ស​ធម៌​អាល្លឺម៉ង់​ ១គ្រឿង​ទៀត​ឈ្មោះ​​ ស៊ីអាយ បាន​សង្គ្រោះ​មនុស្ស ១៧នាក់​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ​នោះ​ដែរ។ នាវា​ទាំង​ ២​គ្រឿង​នេះ​បាន​​ផ្ទុក​មនុស្ស​​សរុប​ ៤៩នាក់​​បាន​បើក​បរ​​ត្រឡប់​ក្រោយ​វិញ​ ទៅ​កាន់​ឆ្នេរ​សមុទ្រ​​កោះ​ម៉ាល់តា​អស់​រយៈ​ពេល​​ច្រើន​​ថ្ងៃ​ ហើយ​កង​នាវឹក​​របស់​នាវា​​បាន​សម្ដែង​ការ​បារម្ភ​ ​អំពី​ស្ថានភាព​​ផ្លូវ​ចិត្ត​​របស់​ក្រុម​អន្តោប្រវេសន៍​​ទាំង​នេះ ​កាន់​តែ​ធ្ងន់ធ្ងរ​​ដោយ​អាកាស​​ធាតុ​មិន​ល្អ និង​ពុល​រលក​។ លទ្ធផល​​ប្រកប​ដោយ​និរន្តរភាព​តែ​មួយ​គត់ ​​គឺ​ ការ​ដោះ​ស្រាយ​​ទូទាំង​ទ្វីប​អឺរ៉ុប នេះ​ជា​ការ​លើក​ឡើង​របស់​លោក គីម ហីតុន ជា​អ្នក​ដឹកនាំ​បេសកកម្ម​នាវា​ស៊ីវ៉ច ៣ បាន​ប្រាប់​​ភ្នាក់ងារ​​ព័ត៌មាន​រ៉យទ័រ​​នៅ​លើ​នាវា៕

អត្ថបទ៖ រិទ្ធី