ព្យុះ​រដូវរងា​ក្នុង​ប្រទេស​លី​បង់​បាន​បង្កក​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំ​ដែល​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង

112

លី​បង់៖ ជនភៀសខ្លួន​ដែល​កំពុង​រស់​នៅ ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ទូទាំង​ប្រទេស​លី​បង់ កំពុង​តស៊ូ​ស្នាក់​នៅ​កន្លែង​មាន​អាកាសធាតុ​ក្ដៅ​ល្មម បន្ទាប់ពី​ព្យុះ​រដូវរងា​បាន​បង្ក​ជា​ទឹកជំនន់ ​ពន្លិច​ជំរំ​ស្នាក់នៅ​របស់​ពួកគេ ​និង​នាំមក​នូវ​ទឹកភ្លៀង​ចូល​ក្នុង​ជំរំ​តង់​របស់​ពួកគេ​។

ព្យុះ​នៅ​ក្នុង​ប្រទេស​លី​បង់​បាន​បណ្ដាល ​ឲ្យ​មាន​ទឹកជំនន់​នៅជំរំ​ជនភៀសខ្លួន​ស៊ី​រី, បំផ្លិចបំផ្លាញ​ជំរំ​តង់ ពូក និង​ខ្វះខាត​ចំណីអាហារ និង​បង្ក​ឲ្យ​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។​ លោក ​ហូ​សេន ហ្សេ​ដាន ​ដែល​បាន​មក​កាន់​ប្រទេស​លី​បង់​ពី​ទីក្រុង​ហូ​ម​ស៍ ​ក្នុង​ប្រទេស​កំណើត​ស៊ី​រីក្នុង​ឆ្នាំ២០១១ បាន​និយាយ​ថា ទឹក​ជម្រៅ​ជិត​កន្លះ​ម៉ែត្រ នៅ​លើ​ដី និង​នៅ​ក្នុង​ជំរំ​តង់។ សង្គ្រាម​ក្នុង​ប្រទេស​ស៊ី​រី​បាន​បង្ខំ​ឲ្យ​ពួកគេ ​ធ្លាក់​ក្នុង​ស្ថានភាព​បែបនេះ។​ លោក​ និង​​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ព្យុះ​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ និង​ក្មេងៗគ្មាន​សំលៀកបំពាក់, គ្រឿង​សង្ហា​រឹម ឬ​ចំណីអាហារ​ជាដើម។​ ក្រុម​គ្រួសារ​នានាកំពុង​ផ្លាស់​ទីកន្លែង​នៅ​ជុំវិញ​តំបន់​នោះ ដើម្បីរក​កន្លែង​ស្ងួត​ និង​កក់ក្ដៅ​។

ទីភ្នាក់ងារ​ជនភៀសខ្លួន របស់​អង្គការសហប្រជាជាតិបាន​និយាយ​ថា ​ព្យុះ​បាន​ជន់​លិចទាំងស្រុង ​ឬបាក់​រលំ​លំនៅឋាន​ ១៥​ខ្នង​ក្នុងចំណោម​លំនៅឋាន​បណ្ដោះអាសន្ន​យ៉ាងហោចណាស់​ ៦៦​ខ្នង​ដែល​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នោះ​។​ នៅ​ក្នុង​ជ្រលង​ភ្នំបេ​កាក្នុង​ប្រទេស​លី​បង់​ភាគ​ខាងកើត អាកាសធាតុ​ត្រជាក់ក៏បាន​នាំមក​នូវ ព្រិល​ធ្លាក់​ផង​ដែរ​។ ​ពលរដ្ឋ​ស៊ី​រី​ជាង ​១​លាន​នាក់​បាន​រត់​ភៀសខ្លួន​ ទៅកាន់​ប្រទេស​លី​បង់​ដែល​ជា​ប្រទេស​ជិត​ខាង ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះឡើងនៅក្នុង​ប្រទេស​តាំងពី​ឆ្នាំ២០១១ ហើយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និយាយ​ថា​ ភាគច្រើន​នៃ​ពួកគេ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​៕

អត្ថបទ៖ សុខ​មាន