លោក​ គីម ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ខណៈ​ជំនួប​កំពូល​ជាមួយ​លោក​ ត្រាំ ហាក់​កាន់​តែ​ចូល​មក​ជិត

194

ចិន៖ លោក ​គីម ​ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើងបាន​ចាក​ចេញពី​រដ្ឋធានី​ប៉េកាំង ជា​ការ​បញ្ចប់​ដំណើរ​មួយ​ទៅ​កាន់​​ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ត្រៀម​សម្រាប់​ជំនួប​កំពូល​របស់​លោក​ ដែល​គេ​រំពឹង​ទុក​ជាមួយ​លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ នៅ​ពេល​ខាងមុខ​ក្នុង​ឆ្នាំ​នេះ​។

លោក ​គីម បាន​មកដល់​រដ្ឋធានី​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ ​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ ​របស់​លោក​ទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ក្រុង​ព្យុងយ៉ាង ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថាបាន​ទៅកាន់​រោងចក្រ​មួយ​កន្លែង និង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីន​ពីង​។ យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​នានាបាន​ឱ្យ​ដឹង​ថា ​ក្បួន​ដំណើរ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ត្រូវ​បាន​គេ​ប្រទះឃើញ​ មកដល់​នៅ​ស្ថានីយ​រថភ្លើង​កណ្ដាល​រដ្ឋធានី​ប៉េកាំង​កាលពី​រសៀល​ថ្ងៃ​ពុធ​ ហើយ​រថភ្លើង​របស់​លោក​ គីម​ បាន​ចាកចេញ​ភ្លាមៗ​បន្ទាប់ពី​ធ្វើដំណើរ​អស់​រយៈពេល​មួយថ្ងៃ​ត្រឡប់​ទៅ​ព្រំដែន​។ ​ការ​ធ្វើ​ដំណើរ​មិនបាន​ប្រកាស​ជាមុន ស្ទើរតែ​ស្ថិត​ក្នុង​ភាព​បិទបាំង​ទាំងស្រុង​។ ក្រៅពី​ការ​បញ្ជាក់​វត្តមាន​របស់​លោក​ គីម​ នៅ​រដ្ឋធានី​ប៉េកាំង​ ទាំង​កូរ៉េខាងជើង​ទាំង​ចិន​មិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត​ណាមួយ​ទេ អំពី​ដំណើរ​ទស្សនកិច្ច​នោះ​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មានយ៉ុ​ន​ហាប់របស់​​កូរ៉េខាងត្បូងឲ្យដឹងថា លោក ​គីម បាន​ចំណាយ​ពេល​ ១​ម៉ោង ជួប​ជាមួយ​លោក ​ស៊ី កាលពី​ថ្ងៃ​អង្គារ ដែល​ត្រូវ​បាន​គេ​ជឿ​ថា ចំ​ថ្ងៃ​ខួបកំណើត​របស់​មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ ហើយ​ក្រោយមក​មេដឹកនាំ​ទាំង​២ បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួម​ជាមួយ​ភរិយា​របស់​មេដឹកនាំ​ទាំង​២ នៅ​មហាសាល​ប្រជាជន​ចិន​របស់​រដ្ឋធានី​ប៉េកាំង។ សារព័ត៌មាន​យ៉ុ​ន​ហាប់​បានបន្ត​ថា ការពិភាក្សា​នានាបាន​ផ្ដោត​លើ​កិច្ចប្រជុំ​ដែល​បាន​រំពឹង​ទុក​របស់​លោក ​គីម ជាមួយ​លោក​ ត្រាំ។​ ទំនាក់ទំនង​រវាង​ចិន ​និង​កូរ៉េខាងជើង​បាន​ចុះ​អន់​ថយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជុំវិញ​សកម្មភាព​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ ប៉ុន្តែ​លោក ​គីម​ បាន​ធ្វើ​ឱ្យ​ប្រាកដ​ថា​លោក​នឹង​នៅតែ​បន្ត​ផ្ដល់​ដំណឹង​ដល់​លោក ​ស៊ី អំពី​ដំណោះស្រាយ​របស់​លោក​ជាមួយ​អាមេរិក ​និង​កូរ៉េខាងត្បូង​ ខណៈ​ដែល​ទំនាក់ទំនង​នានា​ហាក់​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ៕

អត្ថបទ៖ សុខ​មាន