សហរដ្ឋអាមេរិក​ និង​ចិន​បាន​បញ្ចប់​ការ​ចរចា​ពាណិជ្ជកម្ម​រយៈពេល ​៣​ថ្ងៃ​ក្នុង​រដ្ឋធានី​ប៉េកាំង

523

ចិន៖ ក្រុម​អ្នក​ចរចា​សហរដ្ឋ​អាមេរិក​ និង​ចិន​បាន​បញ្ចប់​ការ​ចរចា​ពាណិជ្ជកម្ម​រយៈពេល ​៣​ថ្ងៃក្នុង​រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​ ខណៈ​ពួកគេ​ព្យាយាម​រក​ច្រក​ចេញពី​ការ​ប៉ះពាល់ ​នៃ​សង្គ្រាម​ពាណិជ្ជកម្មរវាង​ប្រទេស​មហា​អំ​ណាច​សេដ្ឋកិច្ច​ទាំង​២ ​របស់​ពិភពលោក។

ក្រុម​អ្នកចរចា​អាមេរិក​បាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ​មានការ​ផ្តោត​លើ​ការ​ទិញ​ដូរ​ទ្រង់ទ្រាយ​ធំនៃ​ផលិតផល​កសិកម្ម, ថាមពល​ទំនិញ​រយៈពេល​វែង,​ ​ផលិតផល ​និង​សេវាកម្ម​ផ្សេងៗ​ទៀត​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​មិនបាន​បញ្ជាក់​កិច្ចព្រមព្រៀង​ថ្មី​ណាមួយ​នោះ​ទេ​។ ក្រុម​មន្ត្រី​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ពី​ភាព​ចាំ​បាច់​ដែល​ថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េកាំង​ នឹង​តម្រូវ​ឲ្យមាន​ការ​ផ្ទៀងផ្ទាត់​ និង​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​ផ្លូវ​ការណ៍​ ចេញ​ដោយ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​។​

ក្រុម​អ្នក​ចរចា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ លើ​វិស័យ​នានា​ដូច​ផែនការ​របស់​ប្រទេស​ចិន​ បង្កើន​ការ​បញ្ជាទិញ​នៃ​ការនាំចេញ​របស់​អាមេរិក ខណៈ​ដែល​ផ្ដល់​ឲ្យក្រុមហ៊ុន​អាមេរិក​នូវ​លទ្ធភាព​ចូល​ទីផ្សារ​របស់​ខ្លួន​ ដើម្បី​បង្កើន​ទំនុក​ចិត្ត​រវាង​ភាគី​ទាំង២ ​បន្ទាប់ពី​មានការ​ប្រឈម​មុខ​គ្នា​ដ៏​ជូរចត់​ជាច្រើន​ខែ​មកនេះ​។ លោក​ ត្រាំ បាន​និយាយ​នៅ​ក្នុង​គណនី Twitter ​កាលពី​ថ្ងៃ​អង្គា​រថា ដំណើរការ​ចរចា​នានា​ជាមួយ​ចិន​គឺប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ៕

អត្ថបទ៖ សុខ​មាន