ក្រុងព្រះសីហនុ​ នឹងមាន​ផ្សារ​ទំនើប​លើកដំបូង​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ

178

ព្រះសីហនុ ៖ ​ជា​ដំណឹង​រីករាយ​មួយ​សម្រាប់​ក្រុងព្រះសីហនុ ដែល​នឹង​មាន​ផ្សារ​ទំនើប FURI Time Squares​ បើក​ដំណើរការ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​ ខាងមុខនេះ ​ក្រោម​គំរោង​វិនិយោគ​តម្លៃ​ជិត​១០​លាន​ដុល្លារ​អាមេរិក​។

នាយក​ផ្នែក​ផ្សារ​នៃ​ក្រុមហ៊ុន ​FURI Real Estate​ កញ្ញា​ លឹម សុខា​ដាវី​ន ​បាន​​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​៧​ កញ្ញា ​កន្លងមក​ថា ​ផ្សារ​ទំនើប​នេះ ​ស្ថិតនៅ​លើផ្លូវ​ឯករាជ្យ ​សង្កាត់​មិត្តភាព ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ​(​ក្បែរ​វិមានឯករាជ្យ​) ​ដែល​មាន​កំពស់​ ៤​ជាន់ ​និង​មាន​ទំហំ​ជាង​១២០០០​ម៉ែត្រការ៉េ​។ ផ្សារ​ទំនើប​នេះ ​មាន​ហាង​កាហ្វេ​ អាហារ​និង​ភេសជ្ជៈ ​រោងភាពយន្ត ​និង ​Sky Pub​ ។​ កញ្ញា​ បន្តថា បច្ចុប្បន្ន​គំរោង​នេះ ​បាន​សាងសង់​ហើយ​ និង​គ្រោង​បញ្ចប់​ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ​។

កញ្ញា ​បន្តថា “​យើង​បាន​និង​កំពុង​នាំ​យក​ហាង​ល្បីៗ​ពី​រាជធានី​ភ្នំពេញ​ និង​ពី​ក្រៅ​ប្រទេស​ចូល​មក​កាន់​ផ្សារ​នេះ​ ដែល​វា​នឹង​ក្លាយ​ជា​ផ្សារ​ល្បីឈ្មោះ​ និង​ជា​ផ្សារ​លើកដំបូង​គេ​នៅ​ក្រុងព្រះសីហនុ​”​។​កញ្ញា ​បន្តថា “​រហូត​មកទល់​ពេលនេះ យើង​ទទួល​បាន​អតិថិជន​កក់​ស្តង់​រប​ស់​យើង​ប្រមាណ​៥០​ភាគរយ ​រួចហើយ ​ហើយ​យើង​រំពឹង​នឹង​ទទួល​បាន​ការជួល​អស់​ពី​អតិថិជន​នៅពេល​ឆាប់ៗ​នេះ​”​។

អ្នកនាង ​ជិន ចាន់​ឡែ​ន​ នាយិការ​ក្រុមហ៊ុន ​FURI Real Estate​ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការ​សម្រេចចិត្ត​វិនិយោគ​គំរោង​នេះ​ ដោយសារ​យើង​បាន​សិក្សា​ជាមួយ​ដៃគូ​វិនិយោគ​របស់​យើង ដែល​ជា​អ្នក​វិនិយោគ​និង​អ្នក​ជំនាញ​ល្បីឈ្មោះ​មកពី​ទីក្រុង​ហុងកុង​ និង​ម៉ា​កាវ​បាន​រកឃើញថា​ ខេត្ត​ព្រះសីហនុ​ជាទី​តាំង​ពិសេស​ ដែល​មិន​ទាន់មាន​ផ្សារ​ទំនើប​នៅឡើយ ខណៈ​កំណើន​ទេសចរណ៍​ និង​អ្នកវិនិយោគ​កាន់​តែច្រើន​បាន​ចូល​ទៅ​កាន់​ទីក្រុង​នេះ​។

អ្នកនាង ​បន្តថា ក្រុមហ៊ុន​បាន​រក​ឃើញ​នូវ​អ្វី​ជា​ចំណុច​ខ្វះខាត ​យើង​រក​ឃើញ​មាន​តម្រូវការ​ផ្សារ​ទំនើប​បែបនេះ​ច្រើន​ ហេតុនេះ​ ក្រុមហ៊ុន​របស់​យើង​សម្រេចចិត្ត​បំពេញ​នូវ​ចំណុច​ខ្វះខាត​ទាំងនេះ​”៕