លោក​ ផូ​ម​ផូ៖​ អាមេរិក​នឹង​ដក​ទ័ព​ចេញ​ពី​​ស៊ី​រី ​ប៉ុន្តែ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម

119

អេហ្ស៊ីប៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផូ​មផូ​ បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ដក​កង​ទ័ព​របស់​ខ្លួន​ចេញពី​ប្រទេស​ស៊ី​រី ខណៈ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អាយ​ស៊ី​ល ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​រដ្ឋ​អ៊ីស្លាម ​ឬ​(ISIS)​

ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មានរួមគ្នា ​ជាមួយ​សម​ភាគី​អេ​ហ្ស៊ី​ប​របស់​លោក ​គឺ​លោក សា​ម៉េ ស៊ូ​គ្រី ក្នុង​រដ្ឋ​ធានី​គែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ផូម​ផូ និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​ជា​ដៃគូ​ដ៏​រឹង​មាំ​មួយ​ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។ ​ប្រមុខ​ការទូត​រូប​នេះ​និយាយ​ថា ការសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី ​ត្រាំ ក្នុង​ការ​ដក​កងទ័ព​របស់​យើង​បាន​ត្រូវ​បាន​ធ្វើ​រួច​ហើយ​ ​យើង​ត្រូវតែ​ធ្វើ​ការ​ងារ​នោះ​។​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ​ច​ន បុល​តុ​ន​ បាន​ដាក់​ចេញ​លក្ខខណ្ឌ​សម្រាប់​ការ​ដក​ចេញ​ រួម​ទាំង​ការ​បរាជ័យ​របស់​ក្រុម​អាស៊ី​ល​​នៅ​ក្នុង​ប្រទេស​ស៊ី​រី ​និង​ធានា​ដល់​សុវត្ថិភាព​នៃ​សម្ព័ន្ធមិត្ត​ឃឺ​ដ​របស់​ទីក្រុង​វ៉ាស៊ីនតោន ​នៅ​ក្នុង​យុទ្ធនាការ​នេះ​ដែល​ត្រូវ​បាន​គំរាម​កំហែង​ ដោយ​ការ​វាយ​លុក​ដែល​ជិត​កើតមានឡើង​ដោយ​ប្រទេស​ទួរគី​។

លោក ផូម​ផូ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិមបូព៌ា​ ក្នុង​គោលបំណង​ធានា​ជាថ្មី​ដល់​ដៃគូ​អារ៉ាប់ ​បន្ទាប់ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​ពី​ផែន​ការ​ដក​កងកម្លាំង​អាមេរិក​ចេញពី​ស៊ី​រី​។​ រដ្ឋមន្ត្រីការបរទេស​ទួរគី​លោក​ ម៉េ​វ​លូត ​កា​វ៉ូ​សូ​គ្លូ​​ បាន​និយាយ​ថា ​ទួរគី​នឹង​បើក​ការ​វាយ​លុក​ប្រឆាំង ​នឹង​យុទ្ធជន​ឃឺ​ដ​ស៊ី​រី​នៅ​ក្នុង​ប្រទេស​ស៊ី​រី ​ប្រសិន​បើ​អាមេរិក​ពន្យារ​ពេល​ដកទ័ព​របស់​ខ្លួន​ ចេញពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ។​ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផូ​មផូ បាន​ចោទប្រកាន់​លោក ​បា​រ៉ា​ក់ ​អូ​បា​ម៉ា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​បាន​សាប​ព្រួស​ភាព​ច្របូក​ច្របល់​នៅ​មជ្ឈិមបូព៌ា ​ព្រោះតែ​មិន​ចាត់វិធានការ​ម៉ឺងម៉ាត់ ​ដើម្បី​ទប់ទល់​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម ​ដោយ​រិះគន់​ធ្ងន់ធ្ងរ​ទៅលើ​គោលនយោបាយ​របស់​ប្រធានាធិបតី ដែល​កាន់អំណាច​មុន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ៕

អត្ថបទ៖ សុខ​មាន