ឯកឧត្ដម មាស សុភា ថ្លែងថា ខេត្តព្រះវិហារ​ជា​ខេត្ត​ដាច់ស្រយាល ​តែមាន​សមិទ្ធផល​រីកចម្រើន​ជា​បន្តបន្ទាប់

181

ព្រះវិហារ​ ​ ៖ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី មាស សុភា បាន​លើក​ឡើងថា ​ខេត្តព្រះវិហារ ​គឺជា​ខេត្ត​មួយ​ដែល​បាន​រំដោះ​ពី​របប​ ប៉ុល ពត​ ក្រោយ​គេ ​ ហើយក៏​ជា​ខេត្ត​ដាច់ស្រយាល​មួយ​ផងដែរ ​ប៉ុន្តែ​ក្រោម​ការដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន ​ខេត្ត​មួយ​នេះ ​បាន​ប្រែក្លាយ​ពី​តំបន់​ស្ងាត់ជ្រងំ មកជា​មាន​សមិទ្ធផល​រីកចម្រើន​ជាច្រើន​។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយ​ខេត្តព្រះវិហារ មាន​ប្រសាសន៍ថា ក្រោម​ការ​ដឹក​របស់​ស​ម្តេច​តេ​ជោ ​ហ៊ុន សែន កម្ពុជា​បាន​កសាង ​និង​អភិវឌ្ឍន៍​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ឡើងវិញ ​ចាប់​តាំងពី​បាតដៃ​ទទេ រហូតមកដល់​ពេលបច្ចុប្បន្ន ​ហើយ​បើក​ក្រឡេក​មក​មើល​ខេត្តព្រះវិហារ ​ដែល​ជា​ខេត្ត​ដាច់​ស្រយាល​ ក៏​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ផងដែរ​។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បានលើកឡើង​យ៉ាង​ដូច្នេះ ​ខណៈដែល​ឯកឧត្ដម​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​មហា​មិន្ទីញ​ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ​៧​មករា ដោយមាន​វត្តមាន​ឯកឧត្ដម អ៊ុន ចាន់​ដា​ អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ៣០០០ អង្គ​/​នាក់ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​កីឡាដ្ឋាន​ខេត្ត ក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បាន​បញ្ជាក់ថា​ កម្ពុជា​ពីមុន​ធ្លាប់​ត្រូវ​បាន​គេ​ប្រមាថ​មើលងាយ ត្រូវ​បាន​គេ​ហ៊ុមព័ទ្ធ និង​ឯកោ​ទាំង​ផ្នែក​នយោបាយ ទាំង​សេដ្ឋកិច្ច ក៏ប៉ុន្តែ​ឥឡូវនេះ កម្ពុជា​ក្លាយទៅជា​រដ្ឋ​ឯករាជ្យ​មួយ ដែលមាន​អធិបតេយ្យ បូរណភាព​ទឹកដី​ពេញលេញ ​ហើយ​កំពុង​ពង្រីក​ការធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម ​នៅក្នុង​រចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​ពិភពលោក ព្រមទាំង​បំពេញ​តួនាទី​យ៉ាងសកម្ម ដោយ​ស្មើភាព ស្មើ​សិទ្ធិ រាល់​កិច្ចការ​ក្នុង​តំបន់ និង​អន្តរជាតិ ។

ការ​ប្រារព្ធ ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧​មករា​នេះ​ឡើង គឺ​ដើម្បី​រម្លឹក​ដល់​ថ្ងៃកំណើត​ទី​ពីរ​នៃ​ការ​រស់​មានជីវិត​ឡើងវិញ បន្ទាប់ពី​កម្ពុជា​ត្រូវ​បាន​រំដោះខ្លួន ចេញពី​ការ​កាប់សម្លាប់​របស់រ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​កាលពី​៤០ ឆ្នាំមុន ​ទឹកដី​កម្ពុជា​ត្រូវបាន​បន ​ប៉ុល ពត ឆក់​ប្លន់​យក​ទាំងស្រុង​នូវ​សមិទ្ធផល សិទ្ធិសេរីភាព​ និង​ជីវិត​ប្រជាជន​កម្ពុជា ដ៏​ឃោរឃៅ​យង់ឃ្នង​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ ធ្វើឱ្យ​ទឹកដី​កម្ពុជា​ទាំងមូល ក្លាយ​ជា​គុក​ឥត​ជញ្ជាំង និង​ជា​វាល​ពិឃាត​ជោគ​ជាំ​ដោយ​ឈាម​ និង​ទឹកភ្នែក ហើយ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៣​លាន​នាក់ ត្រូវ​សម្លាប់​យ៉ាង​អាណោចអាធ័ម និង​អយុត្តិធម៌​បំផុត​។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បាន​បន្ថែមថា ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ កម្ពុជា​បាន​ខិតខំ​ឥត​ឈប់ឈរ​ក្នុង​ការកសាង​ និង​អភិវឌ្ឍ​ជាតិ ដូចដែល​ប្រជាពលរដ្ឋ​បាន​ឃើញ​ស្រាប់ ​កម្ពុជា​បាន​ប្រែ​មុខមាត់​រីល​ចម្រើន​យ៉ាង​ខ្លាំង​ ហើយ​សម្រាប់​ខេត្តព្រះវិហារ ​ក៏​កំពុង​រីកចម្រើន​ជា​បន្តបន្ទាប់​ផងដែរ​៕