កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​លើក​ទី​២៧

285

សៀមរាប៖ កិច្ចប្រជុំ​លើក​ទី​២៧ ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក កម្ពុជាទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ីហ្វិ​ក​របស់​សភា​កម្ពុជា​។​ កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិកា​សភា​អា​ស៊ី​-​ប៉ាស៊ីហ្វិក​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ​នៅ​ឯ​ខេត្ត​សៀមរាប​អង្គរ។

នា​ថ្ងៃ​ទី​១៤ ខែមករានេះ ​ឯកឧត្ដម ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​អនុប្រធានអចិន្ត្រៃយ៍​គណៈកម្មការ​រៀបចំ​វេទិកា​ នៃ​កិច្ចប្រជុំ​លើក​ទី​២៧​ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ី​ហ្វិ​កធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ខ្លី​ដោយ​បញ្ជាក់​ថា​ ការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ដ៏​សំខាន់​របស់​អង្គការ​សភា​ដ៏​ធំ​មួយ​នេះ គឺជា​ការ​ចូល​រួម​ចំណែក​របស់​សភា​កម្ពុជា ក្នុង​ការ​កសាង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​តំបន់​ និង​ពិភពលោកតាមរយៈយន្តការ​សភា ដែល​យក​ការ​ជជែក​ការ​ចរចា​ជាធំ​ និង​ដោយសារ​ប្រទេស​កម្ពុ​ជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​។​ ឯកឧត្ដម ឈាង​ វុន បាន​បញ្ជាក់​ទៀត​ថា​ វេទិកា​ស​ភា​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា APPF មាន​សមាជិក​ចំនួន ២៧ប្រទេស ​មាន​គណៈប្រតិភូ​បរទេស​ប្រមាណ ៣០០​នាក់​។

គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​រដ្ឋសភា នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​វេទិកា​សភា​អាស៊ី​ប៉ាស៊ីហ្វិកដែល​ចូល​រួម​កិច្ចប្រជុំ​នេះ​មាន​ដូច​ជា​៖ អូស្ត្រាលី ឡាវ សហព័ន្ធ​រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ហ្វី​ជី ម៉ុង​ហ្គោ​លី ណូ​វ៉ែល​ហ្សឺ​ឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈី​លី ប៉ា​ពួ​ញូ​ហ្គី​នៀ និងសិង្ហបូរីជា​ដើម​។ ចំណែក​គណៈប្រតិភូ​ប្រទេស​ហ្វីលីពីនសុំ​លុប​ចោល​ មិនបាន​ចូលរួម​វិញ​ដោយសារ​មាន​ធុរៈ​ចាំបាច់​។ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិកលើក​ទី​២៧ នា​ពេល​នេះ ត្រូវ​បែងចែក​ក្រុមការងារទទួលបន្ទុក​តាម​វិស័យ​ចំនួន​៤ មានវិស័យ​សមាជិកសភា​ស្ត្រី វិស័យ​នយោបាយ​ និង​សន្តិសុខ, វិស័យសេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម, វិស័យ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​តំបន់ ដើម្បី​ធ្វើការ​ជ្រើសរើស​ប្រធានបទសិក្សា​ស្រាវជ្រាវ​ចងក្រង​ឯកសារ និង​រៀបចំ​ខ្លឹមសារ​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​តាម​វិស័យ​នីមួយៗ បាន​រួចរាល់​អស់ហើយ​។

ឯកឧត្ដម ឈាង វុន បាន​បញ្ជាក់​ទៀតថា វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់ គឺ​ការ​ពង្រឹង​តួនាទី​សភា​ដើម្បី​ជំរុញ​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​​ដោយ​ចីរភាព ​គឺ​ក្នុង​គោល​បំណង​ចែករំលែក​បណ្ដា​សមាជិកសភា ​នៃ​វេទិកា​កិច្ច​ប្រជុំ​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក ពី​សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន​ពី​ន​យោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្សះផ្សា​បញ្ចប់​សង្គ្រាម​រាំ​រៃ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩៨​៕