កម្ពុជា​នឹង​ធ្វើ​ផ្លូវ​ក្រោម​ទឹក និង​ស្ពាន​អាកាស ​៤​ទៀត​

13042

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា នា​ពេល​ខាង​មុខ​នេះ​កម្ពុជា​នឹង​ធ្វើ​ស្ពាន​អាកាស ៤​កន្លែង​ទៀត​ដើម្បី​បំពេញ​តម្រូវការពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ខណៈ​ស្ពាន​អាកាស​ ៥​កន្លែងកំពុង​ដាក់​ឲ្យ​ប្រើប្រាស់ ហើយ​ពេល​នោះនឹង​ឈប់​អួត​ហើយ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ប្រវែង​ ៥២,៩៨៣​គីឡូ​ម៉ែត្រ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ​បាន​ថ្លែង​ថា រឿង​ស្ពាន​អាកាស​នេះ​មាន​អ្នកខ្លះ​គេ​ពេបជ្រាយ​ថា មាន​តែ​ស្ពាន​អាកាស​តែ​មួយសោះ​អួត​នោះ​អួត សម្ដេច​ថា បើ​មិន​ឲ្យ​អួត​យ៉ាង​ម៉េច បើ​ពី​អតីត​កាល​កម្ពុជា​ពុំ​មាន​ស្ពាន​អាកាស​ប្រើ​ប្រាស់​ដូច​សម័យ​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ទេ​ដូច្នេះ​ត្រូវតែ​អួត​។​ សម្ដេច​បន្ត​ថា “​បច្ចុប្បន្ន​មាន ​៥​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់ និង​មួយទៀត​កំពុង​កសាង​នៅ​ចោមចៅ ហើយ​គម្រោង​នឹង​ធ្វើ​ ៤​ទៀត ហើយ​យើង​ឈប់​អួត​ទៀតហើយ ដោយសារ​មាន​ច្រើន​ទៀត​”។

សម្ដេច​បាន​ថ្លែង​ទៀត​ថា “​តិច​ទៀត​នឹង​ធ្វើ​ផ្លូវ​ក្រោម​ទឹក ដោយ​មិនបាច់​ធ្វើ​ស្ពាន​ឆ្លង​ទន្លេ​ទៀត​ទេ ពេល​នោះយើង​អួត​ទៀតហើយ ដល់ពេល​មាន​ច្រើន​លែង​អួត​ហើយ​”​។​ សម្ដេច​បាន​លើ​ក​ឡើង​ទៀត​ថា បើ​នៅ​សៀង​ហៃភាគ​ច្រើន​​ធ្វើដំណើរ​ការ​ផ្លូវ​អាកាស៕