កង​កម្លាំង​សន្តិសុខ​​ស៊ូដង់​​បាន​ប៉ះ​ទង្គិច​​​​ជាមួយ​ក្រុម​អ្នក​តវ៉ា​ក្នុង​​រដ្ឋធានី​​ខាទូម

257

ស៊ូដង់៖ កង​កម្លាំង​សន្តិសុខ​ស៊ូដង់​​បាន​ប៉ះ​ទង្គិច​ ជាមួយ​ក្រុម​អ្នក​តវ៉ា​​នៅ​ក្នុង​រដ្ឋធានី​ខាទូម​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ខណៈ​ការ​តវ៉ា​ប្រឆាំង​ចំពោះ​ការ​គ្រប់​​គ្រង​របស់​លោក អូម៉ា អាល់បាសៀ បាន​បន្ត​រហូត​​ដល់​សប្ដាហ៍​ទី៤។

មនុស្ស​រាប់​រយ​នាក់​​ហ៊ាន​ប្រឈម ​​នឹង​វត្ត​មាន​​កង​កម្លាំង​សន្តិសុខ​​ដ៏​ច្រើនដើម្បី​តវ៉ា ​​បើ​ទោះ​​បី​ជា​នគរបាល​​ និង​បុគ្គលិក​សន្តិសុខ​ផ្សេង​ទៀត​ ព្យាយាម​​សំអាត​តំបន់​នេះ​នៅ​មុន​មាន​កា​ប្រមូល​ផ្តុំ​គ្នា​។ ​នៅ​​ក្នុង​តំបន់​ខាទូមណត និង​នៅ​ពាស​ពេញ​តំបន់​ប៊្លូនីល​ ​​ចេញ​ពី​ភាគ​កណ្ដាល​នៃ​​រដ្ឋធានី​នេះ កង​សន្តិសុខ​​បាន​ប៉ះ​ទង្គិច​​ជាមួយ​ក្រុម​អ្នក​តវ៉ា​​នៅ​តាម​ផ្លូវ​មួយ​ចំនួន​ និង​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​បំបែក​​ក្រុម​បាតុករ ​នៅ​ក្នុង​តំបន់​ជា​ច្រើន​ទៀត ខណៈ​​ដែល​ពួក​គេ​បំបែក​ខ្លួន​ទៅ​ជា​ក្រុម​តូច​ៗ។ ​ការ​តវ៉ា​​ដែល​បង្ក​ឡើង​​ដោយ​វិបត្តិ​សេដ្ឋកិច្ច ​​បាន​​កើត​ឡើង​នៅ​ពាស​ពេញ​​ប្រទេស​ស៊ូដង់​​ចាប់​តាំង​ពី​​ថ្ងៃ​ទី១៩ ខែ​​ធ្នូ ​នៅ​ក្នុង​បញ្ហា​ប្រឈម​​ដ៏​តាន​តឹង​​បំផុត​​មួយ​ទៀត​ ទៅ​នឹង​ការ​គ្រប់​គ្រង​ប្រទេស​នេះ​របស់​លោក​ បាសៀ។

កង​កម្លាំង​សន្តិសុខ​បាន​ប្រើ​​គ្រាប់​ពិត​​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បំបែក​​ក្រុម​បាតុករ​ ព្រម​ទាំង​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​​ និង​ក្រុម​ប្រឆាំង​​សំខាន់​ៗ​។ ​គណៈកម្មាធិការ​ស្វែង​រក​​​ការ​ពិត​របស់​រដ្ឋាភិបាល​ បាន​រក​ឃើញ​​អ្នក​ស្លាប់​ ២៤នាក់​ ហើយ​ក្រុម​អង្គការ​​លើក​លែង​ទោស​​អន្តរជាតិ​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៤០នាក់​បាន​ស្លាប់៕

អត្ថបទ៖ រិទ្ធី