កម្ពុជានឹង​ធ្វើជាម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​ដំបូង​បង្អស់​របស់ក្រុម​ប្រឹក្សា​វប្បធម៌អាស៊ី (ACC)

503

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាស​ព័ត៌មាន​ បាន​ឲ្យដឹងថា​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះនៃ​កិច្ចប្រជុំ​ដំបូង​បង្អស់​របស់​ក្រុម​ប្រឹក្សា​វប្បធម៌​អាស៊ី ​(ACC) ​នៅថ្ងៃ​ទី ​១៥​ ខែ​មករា​ ឆ្នាំ​ ២០១៩​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​នេះត្រូ​វ​បាន​បង្កើត​កាល​ពី​ឆ្នាំមុ​ន​។​ កិច្ច​ប្រជុំ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្ត​សៀមរាប ​នៅ​ក្នុង​សណ្ឋាគារ​ និង​សាល​សន្និសីទ​សុខា ​ជា​មួយ​នឹង​វត្ត​មាន​របស់​ភ្ញៀវកិត្តិយសជា​តិ ​និង​អន្តរជាតិ ​មក​ពី​២៦ ​ប្រទេស​ទូទាំង​ទ្វីប​អាស៊ី​។

សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រធាន​ស្ថាបនិក​កិត្តិ​យស​នៃ​ ACC ​នឹង​ថ្លែង​ចំណាប់​អារម្មណ៍​នៅ​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​មករា​ ដើម្បី​ប្រកាស​ក្រុម​ប្រឹក្សា​វប្បធម៌​អាស៊ីជា​ផ្លូវ​ការ​ ហើយបន្ទាប់​មក ​ សម្តេច​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​លៀង​សាយភោជន៍ ​នៅ​ទីលាន​ជល់​ដំរី​ នៃប្រាសាទ​បាយ័ន​ ដោយ​មានវ​ត្ត​មាន​ភ្ញៀវ​ជាង​ ៨០០ ​នាក់ ​មក​ពី​ស្ថាប័ន​នីតិ​ប្រតិបត្តិ ​និង​នីតិប្បញ្ញត្តិ​ជាតិ​ និង​អន្តរជាតិ​។ ​អ្នក​ចូល​រួម​នឹង​បូក​បញ្ចូល​ទាំង​ភ្ញៀវ​ដែល​កំពុង​មាន​វត្តមាន​ក្នុងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​ ២៧ ​នៃ​វេទិកាសភា​អាស៊ី-​ប៉ាស៊ីហ្វិក ​(APPF-27) ​ស្តីពី​ «ការពង្រឹង​ភាពជា​ដៃគូ​សភា ​ដើម្បី​សន្តិភាព ​សន្តិសុខ ​និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​» ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ ចាប់​ពី​ថ្ងៃ​ទី​១៣​ ដ​ល់​ថ្ងៃទី​១៨​ ខែ​មករា​ ឆ្នាំ​ ២០១៩ ​នៅ​លើ​ទឹក​ដីខេត្ត​សៀមរាប​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

វាគ្មិន​ជាតិ​ និង​អន្តរ​ជាតិ​ នឹង​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ចំនួន ​៤​ ​លើ​ប្រធាន​បទ​ ១. ការ​លេច​ឡើង​នូវ​ពិភព​លោក​មួយ​ទស្សនៈ​ទាន​ចម្រុះ​ និង​អត្ត​សញ្ញាណ​អាស៊ី​ ២.​ការ​តភ្ជាប់​រវាង​វប្បធម៌ ​និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​៣. ​កា​រ​ប្រើប្រាស់​បច្ចេក​វិទ្យា​សម្រាប់​ការ​ផ្សារ​ភ្ជាប់​រវាង​អរិយធម៌ ​និង​ ៤.​ការ​កសាង​សហគមន៍​មួយ​សម្រា​ប់​ជោគ​វាសនា​តែ​មួយ​នៅ​អាស៊ី។​ បន្ទាប់​ពី​កិច្ច​ពិភាក្សា​តុមូល​ទាំង​ ៤​ នេះ​ កិច្ច​ប្រជុំ ​ACC​ នឹង​ចេញ​នូវ​សេច​ក្តី​ថ្លែ​ង​ការណ៍​ក្រុង​សៀមរាប​មួយ​ ពាក់ព័ន្ធ​ទៅនឹ​ង​ការ​ងារ​របស់​ខ្លួន ​ដែល​នឹងត្រូវ​អាន​ដោយ​ឯក​ឧត្តម ​Mushahid Hussain Sayed អនុ​ប្រធាន​ និង​ជា​អ្នក​រាយការណ៍​ពិសេស​របស់​ ICAPP​ (ប្រទេស​ប៉ាគីស្ថាន)​។

ក្នុង​នោះដែរ​​សិល្បករ ​សិល្បការិនី ​ប្រមាណ ​២៧០នាក់​ មក​ពី​ ៩​ ប្រ​ទេស រួ​ម​ទាំង​សិល្បករ​ សិល្បការិនី​កម្ពុជា​ចំនួន​ ១៦៥​នាក់​ផង​ នឹង​សម្តែង​សិល្បៈ​ចម្រុះ​ជាតិ​សាសន៍ ​នៅ​ក្នុង​ពិធី​លៀង​សាយ​ភោជន៍​ ដើម្បី​អបអរ​សាទរ​ពិធី​ប្រកាស​ក្រុម​ប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​កម្ពុជា​នេះ។​

សូម​បញ្ជាក់​ថា​ ACC ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៨ ​ដោយ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយនៅ​អាស៊ី ​(ICAPP) ​ដែល​មាន​តំណាង​គណបក្ស​នយោបាយ​ជាង​ ៣៥០​ មក​ពី​ ៥២ ​ប្រទេស​ក្នុង​តំបន់​។ ក្រុម​ប្រឹក្សា​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​យូណេស្កូ​ បន្ទា​ប់​ពី​កិច្ច​ព្រម​ព្រៀង​ត្រីភាគី ​រវាង​អង្គការ​អប់​រំ​ វិទ្យា​សាស្រ្ត ​និង​វប្បធម៌ ​របស់​អង្គការ​សហ​ប្រជាជាតិ​(UNESCO យូណេស្កូ) អង្គការ ICAPP ​និង​ ACC​ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​ធ្នូ​ ​ឆ្នាំ​ ២០១៨ ​នៅខេ​ត្ត​សៀមរាប​៕