អាមេរិក​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួមគ្នា​នៃ​កិច្ច​ប្រជុំ​កំពូល​ពិភព​លោក​ដែល​ផ្ដោត​លើ​ប្រទេសអ៊ីរ៉ង់​

117

អាមេរិក៖ ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​​កន្លងទៅ​ថា ​សហរដ្ឋអាមេរិក​មាន​ផែនការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួមគ្នា​នៃ​កិច្ចប្រជុំ​កំពូល​ពិភពលោក​ ដែល​ផ្ដោត​លើ​មជ្ឈិមបូព៌ា​ជា​ពិសេស​អ៊ីរ៉ង់​នៅ​ខែ​ក្រោយ​ នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​។

ក្រសួងការបរទេស​អា​មេ​រិ​ក​បាន​និយាយ ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ការ​ជួប​ជុំ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វ៉ា​សា​វី​ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៤​ ខែ​កុម្ភៈ។ រដ្ឋមន្ត្រី​ការ​ទេស​សហរដ្ឋអាមេរិក លោក​ ម៉ៃ ​ផូ​មផូ បាន​ប្រាប់​សារ​ព័ត៌មាន​ Fox News នៅ​ក្នុង​បទសម្ភាសន៍​មួយ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​កិច្ចប្រជុំ​នឹង​ផ្ដោត​លើ​ស្ថិរភាព សន្តិភាព​ ​សេរីភាព​ និង​សន្តិសុខ​តំបន់​មជ្ឈិមបូព៌ា និង​នៅ​ទី​នេះ​ក្នុង​តំបន់​នេះ និង​រួម​ទាំង​ធាតុ​សំខាន់​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ប្រទេស​អ៊ីរ៉ង់មិន​មែន​ជា​ឥទ្ធិពល ​ដែល​អាច​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​នោះ​ទេ​។​ លោក ផូ​មផូ និយាយ​ថា កិច្ចប្រជុំ​នោះ​នឹង​ជួបជុំគ្នា​នូវ​នាំ​ មេដឹកនាំ​រាប់​សិប​ប្រទេសពី​ជុំវិញ​ពិភពលោក ពី​អាស៊ី ពី​ប្រទេស​តំបន់​អឌ្ឍគោល​ខាងលិច អឺរ៉ុប​ផង​ដែរ​ ព្រមទាំង​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា។

លោក ផូមផូ នៅ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ​៨​ថ្ងៃ​របស់​លោក​ទូទាំង​តំបន់​នេះ​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ីរ៉ង់ ​និង​បាន​ព្យា​យាម​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​ថា ​ខ្លួន​នៅតែ​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​រដ្ឋ​អ៊ីស្លាម បើ​ទោះ​បី​ជា​ការសម្រេច​ចិត្ត​ថ្មីៗ​នេះ​របស់​លោក ត្រាំ ក្នុង​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​ក៏ដោយ​៕

អត្ថបទ​៖ សុខ​មាន