សម្តេច​តេ​ជោ ហ៊ុន សែន ថា​ការពង្រីក​ផ្លូវ​ដើម្បី​ឆ្លើយតប​ទៅ​ នឹង​កំណើន​សេដ្ឋកិច្ចជាតិ

335

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា​នេះ ​បាន​លើកឡើង​ភាព​ចាំបាច់​ នៃ​ការបន្ត​សាងសង់ ​និង​ការពង្រីក​កសាង​ផ្លូវ​ជា​បន្តបន្ទាប់​។

សម្តេច​ថា​ ការបន្ត​ការកសាង​ផ្លូវ​ជា​បន្តបន្ទាប់​មួយផ្នែក​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​និង​ក៏​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ប្រទេសជាតិ​។ សម្តេច​តេ​ជោ ហ៊ុន​សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​លើកឡើងថា ​ការពង្រីក​ផ្លូវ ​និង​ការ​កសាង​ផ្លូវ​ជា​បន្តបន្ទាប់​នេះ ​គឺជា​យន្តការ​ពង្រីក​វិសាលភាព​សេដ្ឋកិច្ចកម្ពុជា ​ដែល​កំពុង​បន្ត​កើន​ឡើងជា​លំដាប់​។

ទន្ទឹមនឹងនេះ​ ប្រជាពលរដ្ឋ​បាន​សាទរ​យ៉ាង​រីករាយ​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ក្រវាត់ក្រុង​ថ្មី​មួយទៀត​នេះ​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ទាន់​ពេលវេលា​។

សូមបញ្ជាក់ថា ៖ ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​មាន ប្រវែង​ជិត ៥៣​គីឡូម៉ែត្រ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល ​ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង់​ជិត​ ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែលជា​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ (​ផ្លូវជាតិ​លេខ​៤-​ផ្លូវជាតិ​លេខ​១) ស្ថិតនៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល ​ប្រវែង​សរុប​ជិត​ ៥៣​គីឡូម៉ែត្រ​ ក្នុងនោះ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាង ​១៥​គីឡូម៉ែត្រ ​និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល​ប្រវែង​ជិត​ ៣៨​គីឡូម៉ែត្រ ដែល​មាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥​ នៃ​ផ្លូវជាតិ​លេខ​៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ​២៤+៨៤០ ​នៃ​ផ្លូវជាតិ​លេខ​១​៕