របាយការណ៍​៖ លោក ត្រាំ ស្នើ​សុំ​វៀតណាម​សម្រាប់​ជំនួប​រវាង​អាមេរិក ​និង​កូរ៉េខាងជើង​

474

ជប៉ុន៖ សារ​ព័ត៌មាន​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ បាន​ស្នើ​សុំ​រៀបចំ​ជំនួប​កំពូល​លើក​ទី​២ ដែល​បាន​គ្រោងទុក​រួច​មក​ហើយ​ជាមួយ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ​ក្នុង​ប្រទេស​វៀតណាម​នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ​។

សារព័ត៌មាន យ៉ូ​មិ​អ៊ូ​រី ស៊ីម​ប៊ុន បាន​រាយការណ៍​ថា កូរ៉េខាងជើង​ទំនង​ជា​នឹង​ពិនិត្យ​ឡើង​វិញ ​នូវសំណើ​របស់​សហរដ្ឋអាមេរិក​តែ​មិន​ទាន់​បាន​ផ្ដល់​ចម្លើយ នេះ​បើ​ផ្អែក​តាម​ប្រភព​ពី​ក្រុម​មន្ត្រី​ស្និត​នឹង​បញ្ហា​នេះ។ របាយការណ៍​នេះ​បាន​ចេញ​ផ្សាយ​ ស្រប​ពេល​មានការ​លើ​រំពឹង​ទុក​កាន់តែ​ច្រើន​ថា មេ​ដឹក​នាំ​ទាំង​២ នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ ដើម្បី​បន្ត​ការចរចា​ដែល​បាន​ជាប់​គាំង​ ស្ដីពី​ការរំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ ក្រោយ​ជំនួប​របស់​មេដឹកនាំ​ទាំង​២ ជា​លើកដំបូង​ក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន។ លោក ត្រាំ ធ្លាប់​បាន​បញ្ជាក់​ថា ការ​ចរចា​ទៅ​លើ​ទីតាំង​​នៃ​ជំនួប​កំពូល​លើក​ទី​២ ជាមួយ​លោក​ គីម កំពុង​ធ្វើ ហើយ​ថាពួក​លោក​នឹង​ប្រកាស​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផ្ញើ​សារ​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ទាំង​ប្រទេស​កូរ៉េខាងត្បូង ​និង​កូរ៉េខាងជើង​ថា ខ្លួន​ចង់​ទទួល​រៀបចំ​ជំនួប​កំពូល​នេះ​ នៅ​ក្នុង​ទីក្រុង​រមណីយដ្ឋាន​ដា​ណា​ង​៕

អត្ថបទ​៖ សុខ​មាន