ក្រុម​ឧទ្ទាម​តា​លី​បង់​ប្រកាស​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​សម្លាប់​មនុស្ស​ ៤​នាក់ និង​របួស ​៩០​នាក់​នៅ​ទីក្រុង​កា​ប៊ុល

153

អា​ហ្វ​ហ្គា​នី​ស្ថាន៖ កាល​ពី​​ថ្ងៃ​អង្គារ​ក្រុម​ឧទ្ទាម​តា​លី​បង់ បាន​ប្រកាស​ទទួលស្គាល់​ការវាយប្រហារ​ ដោយ​រថយន្ត​បង្កប់​គ្រាប់បែក​អត្តឃាតនៅ​ជិត​ភូមិគ្រឹះ​បរទេស ​ដែល​មាន​ការ​យាមកាម​យ៉ាង​តឹង​រឹងស្ថិត ​នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ ៤​នាក់កាលពី​រយៈពេល ​១​ថ្ងៃមុន​។

​​ដោយ​ឡែក​មនុស្ស​ជាង​ ៩០​នាក់​ផ្សេង​ទៀត​បាន​រង​របួស នៅ​ក្នុង​ការវាយប្រហារ​មួយ​ជិត​តំបន់​ភូមិ​គ្រឹះ​ភូមិ​បៃតង ដែល​ជា​បណ្ដុំ​អគារ​សម្រាប់​ក្រុមហ៊ុន​បរទេស និង​ក្រុម​សម្បុរ​ធម៌​អន្តរជាតិ​ជាច្រើន នៅ​ភាគ​ខាងកើត​ទីក្រុង​កា​ប៊ុល​។​ លោក​ ហ្សា​ប៊ី​ហ៊ូ​ឡា មូ​ចា​ហ៊ី​ដ គឺជា​អ្នកនាំពាក្យ​ក្រុម​ជីវពល​អ៊ីស្លាម​មួយ​នេះ​បាន​និយាយ​ថា ក្រុម​សកម្ម​ប្រយុទ្ធ​តា​លី​បង់ឈរ​នៅ​ពីក្រោយ​ការវាយប្រហារ​មួយ​នេះ ដែល​លោក​អះ​អាង​ថា បាន​សម្លាប់ និង​ធ្វើ​ឲ្យ​របួស​ជនបរទេស និង​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​សិប​នាក់​។

​​លោក ​មូ​ចា​ហ៊ី​ដ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ជន​វាយប្រហារ ​៥​នាក់​ដែល​រួម​ទាំង​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ បើក​រថយន្ត​បង្កប់​គ្រាប់បែក​អត្តឃាត បាន​ចូលរួម​ការវាយប្រហារ​លើក​នេះ​។​ ​សូម​បញ្ជាក់​ថា ក្រុម​ឧទ្ទាម​តា​លី​បង់តែងតែ​បើក​ការវាយប្រហារ​ស្រដៀង​គ្នា​នេះ ដែល​មាន​គោលដៅ​ទៅ​លើ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជនបរទេស​៕

អត្ថបទ៖ សារ៉ាត់