សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា​បើក​ការ​ប្រឡង​​ខ្សែ​ក្រវាត់​ដែល​សហព័ន្ធ​បើក​ទូលាយ​ចំពោះ​មហាជន

76

កីឡា​វ៉ូ​វី​ណា​ម៖ ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព ​របស់​កីឡាករ-​កីឡា​ការិនី​វ័យក្មេង​របស់​ខ្លួន ​ដែល​បាន​ខិតខំ​ហ្វឹកហាត់​នា​ពេល​កន្លងមក សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​កម្ពុជា​បាន​បើក​ការ​ប្រឡង​ឡើង​កំរិត​ខ្សែ​ក្រវាត់ ខណៈ​ដែល​សហព័ន្ធ​បើកទូលាយ​ចំពោះ​មហាជន​ ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​សាកល្បង​លេង​ នូវ​ប្រភេទ​កីឡា​ដែល​មាន​ប្រភព​ដើម​មកពី​ប្រទេស​វៀតណាម​មួយ​នេះ​។

ថ្លែង​ក្នុង​ការ​ប្រឡង​នេះលោក កែវ ហុក​លី អគ្គលេខាធិការ​ នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​មាន​ប្រសាស​ន៍ថា ឆ្លងតាម​ការ​ប្រឡង​នេះ​លោក​សង្កេត​ឃើញ​ថា ​កីឡាករ-​កីឡា​ការ​នី​មានការ​កើន​ឡើង​នូវកម្រិត​បច្ចេក​ទេស​។ ហើយ​លោក​សង្ឃឹមថា​ សហព័ន្ធ​ និង​ជ្រើស​បាន​កីឡាករ​ដែល​មាន​សមត្ថ​ភាព​ពិតប្រាកដ​ ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នា​ថ្ងៃ​អនាគត​។​ លោក​អគ្គលេខាធិការ​បន្ថែម​ទៀត​ថា សម្រាប់​ការ​ប្រឡង​នេះ​ពិតជា​សំខាន់​ សម្រាប់​​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ខិតខំ​​ហ្វឹក​ហាត់បន្ថែមទៀត​។ ​ពីព្រោះ​ដើម្បី​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ ​ទាល់តែ​កីឡាករ​ទាំងនោះ​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ ​នៅ​ក្នុង​ចំណោម​កីឡាករ​ជាច្រើន​នៅ​តាម​បណ្ដា​ក្លឹប ​ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ​។​ លោក កែវ ​ហុកលី បាន​បញ្ជាក់​ថា សម្រាប់​បងប្អូន​ដែល​ធ្លាប់តែ​លេង​នូវ​ប្រភេទ​កីឡា​ផ្សេងៗ​ ប្រសិនបើ​ចាប់​អារម្មណ៍​ចង់​ចូលរួម​សាកល្បង ​លេង​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​នេះ សហព័ន្ធ​បើកទូលាយ​ និង​ស្វាគមន៍​ជានិច្ច​។​

នៅ​ក្នុង​ឱកាស​នោះ​ដែរលោក អ៊ូ រតនា អនុប្រធាន​ទី1 សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​-កីឡា​ការ​នី​វ័យក្មេង​របស់​ខ្លួន​ទាំងអស់​ថា ​ប្រសិនបើ​ចង់​ជាប់​ជម្រើស​ជាតិ​ បងប្អូន​ទាំងអស់​ត្រូវតែ​ខិតខំ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ និង​មាន​សមត្ថភាព​លើស​គេ​។ ព្រោះ​ការ​ជាប់​ជម្រើស​ជាតិ​មិនមែន​គ្រាន់តែ ​ដើម្បី​ស៊ីប្រាក់ខែ​រដ្ឋ​តែមួយ​មុខ​នោះ​ទេ ផ្ទុយទៅវិញ​គឺ​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួត ប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​៕