ប្រមុខ​ការពារ​ជាតិ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​​បំពេញ​បេសកកម្ម​​នៅ​ប្រទេស​ឡាវ​ចំនួន​បី​ថ្ងៃ​នា​ពេល​ខាង​មុខ​នេះ​

151
រូបឯកសារ

ភ្នំពេញ៖ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នឹង​អញ្ជើញទៅបំពេញបេសកកម្ម​ផ្លូវការ ​នៅ​ប្រទេស​ឡាវ​ចំនួន​បី​ថ្ងៃគឺ​ចាប់ពី​ថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃ​ទី​២១ ​ខែ​មករា ឆ្នាំ​២០១៩​ខាងមុខនេះ​ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ​នៃ​ការ​បង្កើត​កង​ទ័ព​ឡាវ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា ដែល​បាន​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩​ នេះ​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​នា​យ​ឧត្ដមសេនីយ៍ ចាន់​សាម៉ន ចាន់​ញ៉ា​ឡា​ត រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កង​យោធ​ពល​​ខេមរភូមិន្ទ ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ នឹង​អញ្ជើញទៅ​បំពេញ​បេសកកម្ម​ផ្លូវការ​ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​ សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃនេះ​នៅ​ប្រទេស​ឡាវ​ សម្ដេច​ពិជ័យ​សេនា ទាំង​គណៈប្រតិភូ​នៃ​កង​យោធពល​ខេមរភូមិន្ទ នឹង​ចូលរួមអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ នៃ​ការ​បង្កើត​កងទ័ព​ប្រជាជន​ឡាវ​ នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​៕