ក្រសួងពាណិជ្ជកម្ម នឹង​ធ្វើ​សន្និសីទ​ឆ្លើយតប​នឹង​អឺរ៉ុប យកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​

161

ភ្នំពេញ៖ សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ធ្វើឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ស្តីពី​ចំណាត់ការ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ឆ្លើយតប​ការដាក់​ពន្ធ​នាំចូល លើ​ទំនិញ​អង្ករ​កម្ពុជា ដែល​ត្រូវ​រៀបចំ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ត្រូវបាន​ពន្យារពេល​ទៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​ស្អែក​នេះ​វិញ​។​

ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន ដែល​កំពុង​អង្គុយ​រង់ចាំ​យក​ព័ត៌មាន នៅ​ក្នុង​សន្និសីទ​នេះ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ដោយសារតែ​ក្រសួង ទើបតែ​ទទួលបាន​សំណុំ​ឯកសារ ពី​គណៈកម្មាការ​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ការសម្រេច​យកពន្ធ នាំចូល​អង្ករ​របស់​ក​ម្ពុ​ជា និង​មី​យ៉ាន់​ម៉ា ដូច្នេះ​ក្រសួង​មិនទាន់ ស្វែងយល់​នៃ​ខ្លឹមសារ​នេះ អស់​នៅឡើយ​។​

លោក ស៊ា​ង ថៃ បាន​បន្ថែមទៀតថា ហេតុដូច្នេះ ក្រសួង​សុំ​មិន​ធ្វើ​សន្និសីទ​សារព័ត៌មាន ឆ្លើយតប​នឹង​ករណី​អឺរ៉ុប ដាក់​ពន្ធ​នាំចូល​លើ​ទំនិញ​អង្ករ​កម្ពុជា នៅថ្ងៃនេះ​ទេ ដោ​សូម​ពន្យារពេល លើក​ទៅ​វេលា​ម៉ោង​២៖៣០ រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​ស្អែក​វិញ​។​

សូមជម្រាបថា ការ​សន្និសីទ​របស់​ក្រសួងពាណិជ្ជកម្ម​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា សហគមន៍​មួយ​នេះ នឹង​ចាប់ផ្តើម​គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នាំចេញ​ទៅកាន់​ប្រទេស​ដែលជា​សមាជិក​អឺរ៉ុប ចំនួន​២៨​ប្រទេស សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩២០២១​។​

ការគិត​ពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​តទៅ សម្រាប់​រយៈពេល​៣​ឆ្នាំ ដោយ​ឆ្នាំ​ដំបូង​តម្លៃ​ពន្ធ​ចំនួន​១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​១​តោន​, ឆ្នាំ​ទី​២ តម្លៃ​១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​១២៥​អឺរ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង​១​តោន​៕