អតីត​វាគ្មិន​សភា​៖ លោក ​ត្រាំ មិន​គួរ​ចរចា​លើ​បញ្ហា​បិទ​រដ្ឋាភិបាល​អាមេរិក​ជាមួយ​សភា​នោះ​ទេ

125

អាមេរិក៖ អតីត​វាគ្មិន​សភា​លោក​ ញូ​ត ជីន​ហ្គ្រិ​ច​ គឺជា​សម្ព័ន្ធមិត្ត​ម្នាក់​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ​ដែល​ធ្លាប់​ជាប់​ផុង​ទៅ​ក្នុង​ករណី​បិទ​រដ្ឋាភិបាល ​យូរ​ជាងគេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​អាមេរិក ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​ នោះ​បាន​និយាយ​​ថា លោក​ ត្រាំ គួរតែ​ឈប់​ចរចា​ជាមួយ​វាគ្មិន​សភា​លោកស្រី​ ណាន​ស៊ី ប៉េ​ឡូ​ស៊ី និង​មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ព្រឹទ្ធ​សភា​ត​ទៅ​ទៀត ​ហើយ​ផ្ទុយ​ទៅ​វិញ​លោក​គួរតែ​បង្កើន​សំពាធ​ លើ​សមាជិក​គណ​ប្រជាធិបតេយ្យ​ធម្មតា​ជំនួស​វិញ​។

លោក​ ជីន​ហ្គ្រិ​ច​ បាន​និយាយ​ថា លោក​នឹង​ណែនាំ​ឲ្យ​លោក​ ត្រាំ ​ជួបជុំគ្នា​នៅ​តាម​ស្រុក​គណបក្ស​ប្រជាធិប​តេ​យ្យ​ ជា​កន្លែង​ដែល​លោក​ប្រធានាធិបតី​ធ្វើ​បាន​ល្អ​ អំឡុង​យុទ្ធនាការ​ស្វែងរក​សំឡេង​ឆ្នោត​កាលពី​ឆ្នាំ​២០១៦ ​ក្នុង​គោលដៅ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ គ្រប់​គ្រាន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​ទម្លុះ​ភាពទាល់ច្រក​នា​ពេល​បច្ចុប្បន្ន​នេះ​។​ លោក​ ជីន​ហ្គ្រិ​ច​ បាន​និយាយ​ប្រាប់ CNN ​អំឡុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ថា ​ដំបូន្មាន​របស់​លោក “គឺ​ហេតុអ្វី​បានជា​អ្នក​មិន​រៀបចំ​ការ​ជួប​ជុំ​គ្នា ​៣​កន្លែង​នៅ​ក្នុង​ស្រុក​ចំនួន​៣ ​របស់​គណបក្ស​ប្រជាធិបតេយ្យ ​ដើម្បី​ឲ្យ​ប្រជាជន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ និង​ពិនិត្យ​មើល​ថា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​យល់ឃើញ​ បែប​ណា​ចំពោះ​សំពាធ​ផ្ទាល់​បែបនេះ​?” លោក ​ត្រាំ គួរតែ​ចាប់ផ្ដើម​ផែនការ​ភ្លាមៗ​។​ លោក​គួរតែ​ទៅដល់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់ៗ​ ហើយ​នឹង​មិន​ចាំ​បាច់​ខ្វាយខ្វល់​នឹង​លោកស្រី ​ប៉េ​ឡូ​ស៊ី និង​លោក ​ស្គូ​មើ នោះ​ទេ​។

សូម​បញ្ជាក់​ថា ​ការ​បិទ​រដ្ឋាភិបាល​អាមេរិកបាន​អូស​បន្លាយ​ពេល​ដល់​ថ្ងៃ​ទី​២៦ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។ ​កំណត់​ត្រា​បិទ​រដ្ឋាភិបាល​លើក​មុនមាន​ត្រឹមតែ​រយៈពេល​ ២១​ថ្ងៃ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​១៩៩៥ ពេល​ដែល​លោក​ ជីន​ហ្គ្រិ​ច នៅ​ជា​វាគ្មិន​សភា ហើយ​លោក​ ប៊ី​ល គ្លី​ន​តុ​ន​ គឺជា​ប្រធានាធិបតី ហើយ​នៅ​ពេល​នោះលោក ​គ្លី​ន​តុ​ន និង​គណ​បក្ស​សាធារណរដ្ឋ​បាន​ខ្វែងគំនិត​គ្នា​រឿង​ថវិកា​សហព័ន្ធ​៕

អត្ថបទ៖ សារ៉ាត់