អ្នក​វិនិយោគ​ថា ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​ទេ​ នៅពេល​សហគមន៍​អឺរ៉ុប​សម្រេច​លើ​វិធាន​ការ​យក​ពន្ធ​អង្ករ

173

ភ្នំពេញ ៖ អ្នកវិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​បាន​ចាត់ទុកថា​ ប្រទេស​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​នោះទេ ទោះបីជា​សហគមន៍​អឺរ៉ុប​សម្រេច​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ក៏ដោយ​។

ឯកឧត្តម នង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ថ្លែង​នៅ​ថ្ងៃទី​១៧​​ខែមករា​នេះ​ថា ទោះបីជា​សហគមន៍​ចាប់​ផ្តើម​គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា ​ប៉ុន្តែ​មិន​ប៉ះពាល់​ខ្លាំង​នោះទេ នៅ​រយៈពេល​ខ្លី ​ហើយ​កម្ពុជា​ត្រូវតែ​ពង្រឹង​ជំរុញ​ល្បឿន​នៃ​ការ​ធ្វើ​កសិកម្ម​ឲ្យ​បាន​២​ដង​ក្នុង​១​ឆ្នាំ​រហូត​៦​ឬ ​៧​តោន​ក្នុង​ហិកតា​ នឹង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ ដែល​ធ្លាប់​ចំណាយ​ក្នុងបន្ទុក​ធំ​ផងដែរ​នាពេល​កន្លងមក​។

ឯកឧត្តម​ បាន​ថ្លែង​ទៀតថា​ ដោយសារតែ​ទីផ្សារ​ចង្អៀត ហើយ​បញ្ហា​ប៉ះពាល់​ទីផ្សារ​អឺរ៉ុប​មិន​មែនជា​បញ្ហា​ធំ​ទេ ​រឿង​សំខាន់ ផលិតភាព​ការផលិត​ឲ្យ​បាន​ច្រើន​ បើសិនជា​កសិករ​កម្ពុ​ជា​អាច​ផលិត​បាន​៣​ដង​ក្នុង​១​រដូវ ​ហើយ​ផលិត​បាន​ដូច​ប្រទេសជិតខាង​នោះ​ រឿង​យកពន្ធ​និង​ទីផ្សារ​មិន​ជា​បញ្ហា​ចោទ​ខ្លាំង​នោះទេ​។

ចំណែក លោក​ឧកញ៉ា ភូ ពុ​យ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន បៃតង ​បាន​ថ្លែង​បញ្ជាក់ថា​ ចំពោះ​ការ​យកពន្ធ​អង្ករ​កម្ពុជា​ពី​សហគមន៍​អឺរ៉ុប​នោះ​មិន​រង​ផល​បះ​ពាល់​ខ្លាំង​នោះទេ ​ដោយ​កន្លងមក​ក្រុមហ៊ុន​លោក​ធ្លាប់​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​និង​អាស៊ី​ផង ​ហើយ​កម្ពុជា​ក៏​មាន​វិធានការ​ក្នុងការ​ទប់ស្កាត់​ចំពោះ​ស្ថានភាព​ទីផ្សារ​អង្ករ​នេះ​ផងដែរ​។

សម្រាប់ លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រូ រាយ បាន​លើកឡើងថា ​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​បង្កើន​ភាព​ប្រកួតប្រជែង​ ដោយ​កាត់បន្ថយ​ចំណាយ​មិនបានការ​ ប្រាកដ​ណាស់​នឹង​ជួយ​ដល់​កសិករ រោង​ម៉ាស៊ីនកិនស្រូវ​និង​ក្រុមហ៊ុននាំចេញ​ក៏ដូចជា​ពង្រីក​ទីផ្សារ​ថ្មី​ទៀត​។ ដូច្នោះ សូម​បង ប្អូន កសិករ រោង​ម៉ាស៊ីន​កិនស្រូវ រក្សា​ភាព​ស្ងប់ស្ងាត់ រួម​គ្នា​ធ្វើ​ជាមួយគ្នា​ ដើម្បី​ហែល​ឆ្លង​ឧបសគ្គ​នេះ សូម​បន្ត​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​ពេល​ប្រមូល​ផល​ឆ្នាំនេះ ។

សហគមន៍​អឺរ៉ុប​គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ ​ហើយ​ប្រទេស​កម្ពុជា​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ជិត​៣០​ម៉ឺន​តោន ​ស្មើនឹង​៤២.៩៨%​នៃ​ចំនួន ​ដែល​បាន​នាំចេញ​ទាំងអស់​ចំនួន​៦២​ម៉ឺន​តោន​។

ថ្មីៗ​នេះ​បន្ទាប់​គណៈកម្មការ​អឺរ៉ុប បានចេញ​សេចក្តី​ប្រកាសថា ​នឹង​ចាប់ផ្តើម​គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា ​និង​ប្រទេស​មី​យ៉ាន់​ម៉ា ​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ដែល​ជា​សមាជិក​អឺរ៉ុប ចំនួន​២៨​ប្រទេស​ សម្រាប់​រយៈពេល​៣​ឆ្នាំ ​ចាប់ពី​ឆ្នាំ​២០១៩២០២១​។

ការគិត​ពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា​ចាប់​ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១៨ ​ខែមករា ឆ្នាំ​២០១៩​តទៅ សម្រាប់​រយៈពេល​៣​ឆ្នាំ ​ដោយ​ឆ្នាំ​ដំបូង​តម្លៃ​ពន្ធ​ចំនួន​១៧៥​អឺរ៉ូ ​(​ប្រហែល​២០០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​២ តម្លៃ​១៥០​អឺរ៉ូ​ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​១២៥​អឺរ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង​១​តោន​៕