រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ទៅ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប​នៅថ្ងៃ​ទី២១ មករា

238

ភ្នំពេញ៖ លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបេទេស បានថ្លែងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​គណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលនឹង​ប្រព្រឹត្ត​ទៅនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តបតាមការ​អញ្ជើញ​របស់​លោកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់​នៃសហភាពអឺរ៉ុប​ទទួលបន្ទុកកិច្ចការបរទេស និងគោល​នយោបាយសន្តិសុខ និងជាអនុប្រធាននៃគណៈកម្មាការអឹរ៉ុប។

លោកបានបន្តថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងសមភាគីអឺរ៉ុប នឹងពិភាក្សាគ្នា​អំពីវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានផលប្រយោជន៍រួម ដើម្បីសម្រេច​នូវគោលបំណងរួមមួយ នៃសមាហរណកម្មតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានគម្រោងនឹងជួបទ្វេភាគី ជាមួយលោក ឌីឌ៉្យេរ រ៉េនឌ័រ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចការអឺរ៉ុប របស់បែលហ្ស៊ិក លោកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និងជាមួយ​ប្រធានគណៈប្រតិភូ​ផ្សេងៗទៀត។​

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានក្លាយជាដៃគូសន្ទនាអាស៊ាន នៅឆ្នាំ១៩៧៧ ហើយចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងតំបន់ទាំងពីរ បានឈានដល់កំរិតខ្ពស់មួយ ដោយគ្របដណ្តប់លើ វិស័យកិច្ចសហប្រតិបត្តិការ​ជាច្រើន រួមមាននយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សង្គម និងការតភ្ជាប់ជាដើម​ឈរលើភាពជា​ដៃគូជាច្រើន​ទសវត្សរ៍​នេះ កិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខា ដែលជាមូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់ទិសដៅ​អនាគតនៃ​តំបន់ទាំងពីរ៕